ការងារដើម្បីប្រទេសជាតិ
ការងារដើម្បីប្រទេសជាតិ យើងត្រូវមានសតិសម្បជញ្ញៈ ស្រលាញ់ជាតិគឺមនុស្សទាំងអស់ក្នុងប្រទេសខ្លួន យើងត្រូវតាំងចិត្តធ្វើបុណ្យជាមួយមនុស្សរាប់លាននាក់ ដោយស្មារតីស្រលាញ់ និង គោរពប្រទេសជាតិ យើងប្រាថ្នាឲ្យមនុស្សគ្រប់គ្នាបានរស់នៅជាសុខក្សេមក្សាន្ត។
ធ្វើការងារដើម្បីប្រទេសជាតិ ព្រោះស្រលាញ់ជាតិ ពោលគឺការឃើញដល់ប្រយោជន៍រួមរបស់ជនរួមជាតិ មិនឃើញតែប្រយោជន៍ខ្លួន ម្លោះហើយធ្វើការងារអ្វីៗក៏ធ្វើដើម្បីប្រយោជន៍រួម មិនធ្វើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឯងឡើយ។
ស្រលាញ់ជាតិ គឺស្រលាញ់មនុស្សច្រើននាក់មានបំណងធ្វើបុណ្យជាមួយមនុស្សទាំងអស់គ្នា យើងត្រូវគិតថា ខ្លួនយើងម្នាក់ៗ ឬមនុស្សក្នុងរង្វង់គ្រួសារប៉ុន្មាននាក់នោះ វាតិចតួចតូចតាចទេ ជាតិធំជាងព្រោះមានមនុស្សច្រើននាក់ ទាំងគ្រហស្ថ ទាំងបព្វជិត ដូច្នេះស្មារតីស្រលាញ់ប្រទេសជាតិ គឺធ្វើអ្វីៗរមែងនឹកដល់មនុស្សដ៏ច្រើនក្នុងប្រទេសរបស់ខ្លួន ហើយអ្នកដែលអាចស្រលាញ់ប្រទេសជាតិបាន គឺមនុស្សគ្រប់គ្នាទាំងអស់។
គ្រប់ពេលទាំងអស់ ជាពិសេសគឺបច្ចុប្បន្ននេះឯងដែលប្រទេសជាតិត្រូវការមនុស្សស្រលាញ់ ជាការស្រលាញ់យ៉ាងពិតប្រាកដ ជាអ្នកហ៊ានលះបង់អ្វីៗដើម្បីប្រយោជន៍រួម ជាអ្នកធ្វើការដោយចិត្តបរិសុទ្ធយុត្តិធម៌ស្មោះស្មើ មិនធ្វើដោយសេចក្ដីលំអៀងព្រោះស្រលាញ់ព្រោះស្អប់ ព្រោះវង្វេង និង ព្រោះខ្លាចឡើយ។
សតិសម្បជញ្ញៈស្រលាញ់ប្រទេសជាតិ គឺមិនយកនូវតំណែងមុខនាទីមកដើម្បីស្វែងរកផលប្រយោជន៍សម្រាប់តែខ្លួនឯង និង ក្រុមគ្រួសារតូចមួយរបស់ខ្លួនប៉ុណ្ណោះទេ មិនយកការចេះដឹង និង សមត្ថភាពគ្រប់គ្រាន់របស់ខ្លួនមកបំរើកិលេសតណ្ហារបស់ខ្លួននោះឡើយការចេះដឹងនៃមនុស្សម្នាក់ៗ អាស្រ័យសាលារៀន លោកគ្រូអាចារ្យ មាតាបិតា ។ល។ សរុបមកគឺប្រទេសជាតិមានគុណលើយើង ដូច្នេះ យើងគប្បីដឹងគុណដល់ប្រទេសជាតិដែលបានផ្ដល់នូវចំណេះដឹងដល់យើង ហើយយើងអាស្រ័យចំណេះដឹងនោះសងគុណចំពោះប្រទេសជាតិវិញដូចបានបញ្ជាក់រួចហើយថា ស្រលាញ់ជាតិគឺស្រលាញ់មនុស្សច្រើនលាននាក់ ដូច្នេះ ការដឹងគុណ និង ការសងគុណដល់ប្រទេសជាតិ គឺជាការធ្វើបុណ្យប្រារព្ធដល់អ្នកមានគុណច្រើននាក់ ដែលជាបុព្វការីរបស់យើងនៅក្នុងប្រទេសហ្នឹងផង ជួយមនុស្សដ៏ច្រើនទៀតផង។
សូមឲ្យមនុស្សទាំងឡាយ មានសតិសម្បជញ្ញៈរឿយៗប្រចាំជីវិតដូច្នេះថា មនុស្សយើងកើតមកខ្លួនទទេដៃទទេ បន្តិចទៀតស្លាប់ទៅវិញក៏ដៃទទេដែរ មិនបានយកអ្វីពីលោកនេះទៅឡើយ បដិសន្ធិក្នុងភពថ្មីយកទៅបានតែបុណ្យ និងបាប ព្រមដោយឧបនិស្ស័យតែប៉ុណ្ណោះដូច្នេះ ទើបយើងមិនត្រូវលោភលន់ហួសប្រមាណនោះឡើយ យើងគួរកើតមកដើម្បីសេចក្ដីចម្រើនដល់មនុស្សច្រើននាក់ យើងត្រូវតែជាមនុស្សព្រហ្មម្នាក់សម្រាប់សាងលោក ញ៉ាំងលោកឲ្យចម្រើន មិនមែនកើតមកដើម្បីដុតបំផ្លាញ់លោកដូចភ្លើងឆេះកល្បនោះឡើយ។
ក្រោកពីព្រឹកឡើងគួរអធិដ្ឋានចិត្តថា << ថ្ងៃនេះអាត្មាអញត្រូវមានជីវិតដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខដល់មនុស្សទាំងឡាយ >> សប្បាយចិត្តត្រង់ដែលខ្លួនឯងម្នាក់ អាចមានសមត្ថភាពញ៉ាំប្រយោជន៍ដល់មនុស្សរាប់លាននាក់ដោយធ្វើការងារប្រចាំថ្ងៃ ទោះបីយើងយកប្រាក់ខែប្រាក់ថ្ងៃពិតមែន ប៉ុន្តែយើងរស់ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន ដូចជា លោកគ្រូ អ្នកគ្រូ បានប្រាក់ខែគ្រាន់តែសម្រាប់រស់ ឯចំណែកចិត្តបុណ្យគឺអនុគ្រោះដល់សិស្ស ប្រាថ្នាការចេះដឹងឲ្យដល់មនុស្សច្រើននាក់ ធ្វើជាពេទ្យព្យាបាលរោគតាំងចិត្តជាបុណ្យរមែងបានបុណ្យដោយពិត ព្រោះបុណ្យសម្រេចនៅត្រង់ចិត្តល្អ ឯចំណែករឿងយកប្រាក់ខែគឺសម្រាប់រស់ ព្រោះបើមិនរស់ ធ្វើការអ្វីក៏មិនកើតដែរ ទោះជាធ្វើការងារអ្វីក៏ដោយ ឲ្យតែដើម្បីជួយអ្នកដទៃ ដើម្បីសេចក្ដីចម្រើនក្នុងសង្គម ឈ្មោះថាមនុស្សចិត្តបុណ្យ គឺជាមនុស្សដែលមានទេវតាស្ថិតក្នុងចិត្ត សូមមនុស្សលោកគ្រប់គ្នាអធិដ្ឋានកុំឲ្យនរកប្រេតមកស្ថិតនៅក្នុងចិត្តរបស់ខ្លួន សូមឲ្យព្រះគឺសេចក្ដីស្មោះត្រង់ សេចក្ដីអត់ធន់ ស្មារតីរឹងប៉ឹង និង សម្បជញ្ញៈមកស្ថិតជំនួសវិញអស់កាលជានិច្ចចុះ សូមវេរប្រគល់ចិត្តរបស់យើងថ្វាយព្រះ ទុកជាព្រះធម្មចេតិយគឺចេតិយធម៌។
មនុស្សមានសេចក្ដីស្រលាញ់ប្រទេសជាតិត្រឹមត្រូវ ហៅថាជាមនុស្សចម្រើន ជាមនុស្សមានគុណធម៌មានវឌ្ឍនធម៌ មានអ្វីៗសុទ្ធតែល្អៗទាំងអស់ ហើយភូមិស្រុកប្រទេសជាតិរបស់យើង ត្រូវការមនុស្សល្អបែបនេះជាមនុស្សមានគុណធម៌ប្រចាំចិត្ត។ សូមឲ្យមនុស្សលោកចេះខ្ពើមគ្រឿងសៅហ្មងស្មោគគ្រោករបស់ខ្លួនឯង កុំទុកឲ្យតែអ្នកដទៃគេខ្ពើមឆ្អើមនោះ សូមឲ្យមនុស្សលោកបាននូវការចេះដឹងដ៏សំខាន់មួយ គឺដឹងថាខ្លួនឯងមាននូវកំហុសដែលត្រូវកែប្រែ។
យើងជាមនុស្សម្នាក់ ដែលហៅខ្លួនឯងថាជាមនុស្ស ហៅថាជាខ្មែរ ហៅថាជាពុទ្ធបរិស័ទ កាលបើយ៉ាងដូច្នេះ យើងមិនអាចមានត្រឹមតែឈ្មោះនោះទេ គឺត្រូវមានទឹកចិត្តភ្ញាក់កំណើតគំនិតប្រព្រឹត្តល្អ ឲ្យសមនឹងឈ្មោះ សូមឲ្យយើងតាំងចិត្តសន្សំបុណ្យ សន្សំគុណធម៌ មានមេត្រីភាពស្រលាញ់មនុស្សជាតិដូចគ្នា មិនបៀតបៀនដល់សត្វទាំងឡាយ រាប់អានព្រះពុទ្ធសាសនាដោយស្មោះត្រង់ប្រកបដោយសទ្ធា និង បញ្ញា ស្រលាញ់ ជាតិមាតុភូមិ ស្រលាញ់ការងារតាមតួនាទី ស្រលាញ់វង្សត្រកូលក្រុមគ្រួសារ មានចិត្តមេត្តាប្រាថ្នាឲ្យមនុស្សសត្វទាំងឡាយ រស់នៅដោយមិនមានពៀរវេរា មានបំណងល្អដល់គ្នានិងគ្នារាល់ថ្ងៃ មិនគប្បីស្អប់គ្នាឡើយ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
Friday, September 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment