ឪពុកម្ដាយឥឡូវនេះ បានត្រឹមតែចិញ្ចឹម តែមិនបានមើលថែរក្សា
- បច្ចុប្បន្ន ឪពុកម្ដាយភាគច្រើនបានតែចិញ្ចឹម តែមិនបានមើលរក្សា។ ការចិញ្ចឹមបែបនេះ សំដៅដល់ការបម្រុងបម្រើដោយនឹកថា ខ្លួនខ្វះភាពស្និតស្នាលជាមួយកូន ក៏ព្យាយាមយកវត្ថុលុយកាក់មកឲ្យ តែមិនបានមើលរក្សាគេឡើយ មិនបានបំពេញតួនាទីជាឪពុកម្ដាយ ក៏ក្លាយជាបញ្ហាច្របូកច្របល់ថែមមួយប្រការទៀត គឺឪពុកម្ដាយធ្វើឲ្យក្មេងផ្ដេកផ្តួលទៅក្នុងការនិយម ការបរិភោគប្រើប្រាស់ ព្រោះថាឪពុកម្ដាយធ្លាប់តែយកចិត្តយកថ្លើមដោយគ្រឿងបរិភោគលុយកាក់មកឲ្យ ក្មេងក៏មានសេចក្ដីសុខក្នុងការបរិភោគ។ ឪពុកម្ដាយក៏សំដែងនូវសេចក្ដីស្រឡាញ់ដល់កូន ដោយឲ្យកូនសម្ភារៈជំនួសការហ្វឹកហាត់អប់រំឲ្យក្មេងឈានឡើងកាន់ការអភិវឌ្ឍខ្លួនឯងក្នុងការយល់ដឹង និង សេចក្ដីល្អ។
- ការអប់រំចិញ្ចឹមរក្សាក្នុងគ្រួសារ វាជារឿងធំមួយ ដែលមានរឿងត្រូវនិយាយច្រើន។ សូម្បីត្រឹមតែសម្ពន្ធភាពរវាងឪពុកម្ដាយជាមួយកូន នៅក្នុងបែបបទដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ហើយថា ឪពុកម្ដាយជាអ្នកបង្ហាញលោកនេះដល់កូន។ អត្ថន័យត្រង់នេះជ្រាលជ្រៅណាស់ យើងត្រូវលើកឡើងមកបញ្ជាក់ និង បដិបត្តិឲ្យបានជាក់ច្បាស់។
- " បង្ហាញលោកនេះដល់កូន " ចាប់ផ្ដើមគឺឲ្យក្មេងឃើញពិភពលោក ឃើញធម្មជាតិ ឃើញជនដែលរស់នៅក្នុងលោក ថាមានអ្វី ជាយ៉ាងណា តែមិនមែនត្រឹមប៉ុណ្ណោះទេ។ មិនមែនត្រឹមតែដឹងថា មានអ្វីនោះទេ មនុស្សយើងមិនអាចសម្លឹងមើលក្នុងរយៈពេលមួយភ្លែតឲ្យបានសព្វគ្រប់នោះទេ គឺត្រឹមតែខ្លះៗ ឬជ្រុងខ្លះ និង ការសម្លឹងឃើញក្នុងផ្នែកណា ជ្រុងណា នោះសុទ្ធតែកើតឡើងដោយសារអ្នកណែនាំបង្ហាញ ទាំងដឹងខ្លួន និង មិនដឹងខ្លួនទៀតផង។
- ឪពុកម្ដាយជាអ្នកបង្ហាញលោកនេះដល់កូន ព្រោះបានជួបជាមួយឪពុកម្ដាយមុនអ្នកណាៗទាំងអស់ ផ្ដើមពីការបង្ហាញលោកនេះដល់កូន ជាមួយគ្នានោះ ឪពុកម្ដាយក៏ជាមនុស្សដែលជាមិត្តដំបូងបង្អស់របស់កូនដែលកូនបានស្ដាល់។ ឪពុកជាតួជំនួសឲ្យមនុស្សប្រុសទាំងអស់ ម្ដាយជាតួជំនួសឲ្យមនុស្សស្រីទាំងអស់ក្នុងលោក។
- ពេលនេះ បានជួបនឹងបុរស ស្ត្រី ដែលជាតួជំនួសឲ្យមនុស្សក្នុងពិភពលោក ដែលជាមនុស្សពោរពេញដោយសេចក្ដីស្រឡាញ់ និង មេត្តា ទើបជាការចាប់ផ្ដើមកសាងនូវសេចក្ដីរលឹកដឹងដែលល្អ។ ឪពុកម្ដាយ គឺជាតួជំនួសឲ្យមនុស្សលោក ដែលមានសម្ពន្ធភាពជាមួយការរលឹកដឹងល្អដល់គ្នានឹងគ្នា មិនមែនជួបគ្នាហើយចង់កាប់ចាក់សម្លាប់គ្នានោះទេ។ ពេលនោះ ការរលឹកដឹងជាដំបូងនោះគឺ បានជួបមនុស្សដែលល្អមុន បានឃើញមនុស្សដែលមានគុណធម៌ មានមេត្តាមកជាតួជំនួសឲ្យមនុស្សក្នុងលោក ជាការសាងនូវការរលឹកដឹងដែលល្អ ព្រមទាំងជាមិត្តដល់ជនទាំងឡាយ។ បន្តពីនោះ ក៏បានជួបបងប្អូន ឪពុកម្ដាយជាអ្នកនាំ និង ជាឆ្នួនចម្លងការរលឹកដឹងក្នុងសភាពជាបងប្អូន មានសេចក្ដីស្រឡាញ់ចំពោះគ្នានឹងគ្នា។ ការរលឹកដឹងថា ជាញាតិបាននាំចូលមកមុន យ៉ាងតិចក៏អាចរារាំងមិនឲ្យកើតការរលឹកដឹងជាបដិបក្ខ គឺមិនមែនជាសត្រូវនឹងគ្នា។
- ក្រៅពីនេះ របស់ទាំងឡាយដែលឪពុកម្ដាយបង្ហាញដល់កូន នឹង ប្រព្រឹត្តទៅ សូម្បីដោយមិនដឹងខ្លួនក៏ដោយ ជាមួយការរលឹកដឹងស្រឡាញ់តាមធម្មជាតិ ធ្វើឲ្យសំដែងចេញនូវរបស់ដែលជាប្រយោជន៍ និង ឲ្យឃើញក្នុងជ្រុងដែលល្អ ដែលអាចប្រើជាប្រយោជន៍ផ្សេងៗ។ ឪពុកម្ដាយក៏បានបបួលណែនាំឲ្យសម្លឹងមើលទៅអ្នកឯទៀត ដោយសេចក្ដីរលឹកដឹងល្អ ដោយសេចក្ដីស្រឡាញ់មានមេត្តា ដូចជាកាលបានជួបមិត្តដែលជាមនុស្សយ៉ាង អ៊ំ ពូ មា មីង និង មិត្តភក្តិរបស់ឪពុកម្ដាយជាដើម ឪពុកម្ដាយក៏មានការណែនាំបានស្គាល់ដោយអាការអាកប្បកិរិយា និង ការរលឹកដឹងដែលល្អ។ មានការរលឹកដឹង និង ទស្សនគតិដែលល្អស្អាត។ កាលបានជួបរបស់ទាំងឡាយ ក៏ណែនាំបង្ហាញនូវរបស់ដែលជាប្រយោជន៍ឲ្យបានដឹង បានយល់ច្បាស់ ឲ្យយល់ដឹងបង្ហាញនូវរបស់ដែលជាប្រយោជន៍ឲ្យបានដឹង បានយល់ច្បាស់ ឲ្យយល់ដឹងក្នុងការរស់នៅរួមគ្នា។ អាននឹងមានការជ្រៀតជ្រែកខ្លះថា ដោយឪពុកម្ដាយក៏មានការខឹងក្រោធដូចគ្នា តែក៏គួរតែប្រព្រឹត្តទៅយ៉ាងមានហេតុផល។ នេះជាលក្ខណៈបែបបទក្នុងការបង្ហាញលោកនេះដល់កូន។
- តែបច្ចុប្បន្ននេះ ឪពុកម្ដាយកំពុងតែបោះបង់តួនាទីនេះបើកឱកាសឲ្យដល់ ទូរទស្សន៍ វីដេអូ កុំព្យូទ័រ អ៊ិនធើណែត ចូលមកជំនួស។ ខណៈនេះ គួរឲ្យព្រួយបារម្ភ ព្រោះគ្រួសារដែលជាទីកន្លែងដែលឪពុកម្ដាយជាអ្នកគ្រប់គ្រងរក្សា ជាអ្នកដឹកនាំកូន តែពេលនេះឪពុកម្ដាយបាត់បង់នូវអំណាចក្នុងការគ្រប់គ្រង ព្រោះថាពេលនេះគ្រួសារត្រូវបានសម្ភារៈ ដូចជាទូរទស្សន៍ វីដេអូ ចូលមកបំពេញតួនាទីជំនួសឪពុកម្ដាយ ក្នុងការបង្ហាញឬណែនាំលោកនេះដល់កូន។
- សម្ភារៈបច្ចុប្បន្ន ច្រើនសម្ដែងលោកនេះយ៉ាងណា? ឲ្យមើល ឲ្យឃើញ ការបាញ់គ្នា សម្លាប់គ្នា ប្រជែងគ្នា អំពើឃោរឃៅ សងសឹក ញាប់ញ័រ (តណ្ហា) មួម៉ៅ។ ការបង្ហាញលោកនេះដល់កូនរបស់ឪពុកម្ដាយបាត់បង់ទៅ ទើបក្មេងសម័យបច្ចុប្បន្ន ត្រូវបានទូរទស្សន៍ វីដេអូ ជាអ្នកបង្ហាញលោកនេះដល់ពួកគេ តែច្រើនសម្ដែងក្នុងរឿងអាក្រក់មិនជាប្រយោជន៍ បង្ហាញពីអាកប្បកិរិយាចង់ឈ្នះចាញ់ បង្ក្រាប បំផ្លាញ ផ្ទុយគ្នាពីអាកប្បកិរិយារបស់ឪពុកម្ដាយស្ទើរតែទាំងស្រុង។ ដូចនោះ មូលដ្ឋានក្នុងចិត្តរបស់កូនក្មេង ដែលនៅក្នុងគ្រួសារ ក៏បង្អោនទៅក្នុងផ្លូវអាក្រក់ខូចអស់។ បើយ៉ាងនេះហើយ យើងសង្ឃឹមឲ្យសង្គមបានល្អនោះ វាជារឿងពិបាកក្រៃលែង បើមិនប្រញាប់ដោះស្រាយ។
- ការសំដែងលោកនេះដល់កូន ដែលមានឪពុកម្ដាយជាអ្នកនាំ និង ប្រាប់បង្ហាញ ជាទូទៅធ្វើឲ្យក្មេងអភិវឌ្ឍផ្នែកស្មារតី អាកប្បកិរិយា ទស្សនគតិ ចំពោះលោកនេះ ចំពោះសង្គម ចំពោះមនុស្សទូទៅ ក្នុងផ្លូវល្អ ដោយចំពោះគឺ
+ សម្លឹងចំពោះមនុស្សទូទៅដោយអាកប្បកិរិយាជាមិត្តមេត្រី។
+ សម្លឹងមើលបរិយាកាសជុំវិញ ដោយស្មារតីជ្រួតជ្រាបឃើញល្អស្អាត ស្ងប់ ប្រណីតសុខុម ទន់ភ្លន់ ជ្រាលជ្រៅ។
+ សម្លឹងរបស់ទាំងឡាយ និង ហេតុការណ៍ផ្សេងៗ
ដោយអាកប្បកិរិយាចង់ចេះ ចង់ដឹង ចង់សិក្សា ចង់ស្រាវជ្រាវ រកការពិត ឲ្យក្រៃលែងឡើង។
+ សម្លឹងមើលសម្ពន្ធភាពរបស់ខ្លួនជាមួយលោកនេះ និង សង្គម ដោយអាកប្បកិរិយាបញ្ចេញទៅក្នុងការរួមចំណែកកសាង និង ដោះស្រាយបញ្ហា ឬអភិវឌ្ឍធ្វើឲ្យល្អក្រៃលែងឡើង។
- ឪពុកម្ដាយ បង្ហាញណែនាំផ្លូវដោយ មេត្តា ករុណា និង អាណិត ស្រឡាញ់ ទើបធ្វើឲ្យក្មេងកើតទស្សនគតិ និង អាកប្បកិរិយាបែបនេះ ឡើងមកដោយមិនដឹងខ្លួន។ តែបើឪពុកម្ដាយប្រើបញ្ញាក្នុងការណែនាំ បង្ហាញផងនោះ គឺថាប្រើទាំងមេត្តា និង បញ្ហាក៏នឹងបានទទួលផលយ៉ាងល្អបំផុត។
- តែសម្ភារៈផ្សេង បានចូលមករុងរានគ្រប់គ្រងដែនដីរបស់ឪពុកម្ដាយ រហូតដល់បន្ទប់ទទួលទានអាហារ បន្ទប់គេង របស់ក្មេងទៀតនោះ ច្រើនតែមិនមានមេត្តា និង បញ្ញា។ ពេលខ្លះបានបញ្ចូលសេចក្ដីលោភលន់ឲ្យក្មេង ដើម្បីបានឱកាសពេញលេញក្នុងការបបួលក្មេងឲ្យមានការរលឹកនឹកគិត ទស្សនគតិ អាកប្បកិរិយា ដែលផ្ទុយពីការនិយាយខាងកើត ដូចជាសម្លឹងមើលមនុស្សផងគ្នា ដោយអាកប្បកិរិយា បដិបក្ខ ជាសត្រូវ ឬដោយញញើតញញើម ដោយសម្លឹងមើលលោកនេះជាមួយការរលឹកដឹងថា គួរឲ្យស្អប់ខ្ពើម ឃោរឃៅ ជាលោកនៃការឃើញតែខ្លួនឯង ជាដែនដីប្រកួតប្រជែង ជាកន្លែងប្រឈមមុនដាក់គ្នា។
- ដូច្នោះ ទើបត្រូវព្យាយាមឲ្យឪពុកម្ដាយមានសមត្ថភាពរឹងមាំក្នុងការគ្រប់គ្រងគ្រួសារ និង មានសមត្ថភាពបំពេញតួនាទីជាអ្នកសំដែងលោកនេះដល់កូន ដោយប្រើអាកប្បកិរិយាឬបរិយាកាសនៃព្រហ្មវិហារ៤ ក្នុងការសាងគុណភាពនៃជីវិតរបស់កូនៗ និងការហ្វឹកហាត់រឿងផ្សេងៗ ដូចជា ទាក់ទងនឹងការសិក្សារបស់ក្មេងដោយចំពោះ ដើម្បីឲ្យក្មេងមានសមត្ថភាព អាចជាទីពឹងនៃខ្លួនឯងបាន និង រួមចំណែកកសាងសង្គមឲ្យបានរីកចម្រើន ដោយមានឪពុកម្ដាយជាអ្នកណែនាំ។
- បន្តទៅក្មេងត្រូវសិក្សាស្វែងយល់ដោយខ្លួនឯង។ តែពេលខ្លះ ឪពុកម្ដាយមិនបានយកចិត្តទុកដាក់ក្នុងរឿងនោះ ដោយបង្អោនទៅតែម្ខាង គឺការចិញ្ចឹមដោយឲ្យអាហារ និង ទំនុកបម្រុងគ្រឿងប្រើប្រាស់។ ឲ្យក្មេងបានស៊ី បានលេង បានបរិភោគ ប្រើប្រាស់ ឲ្យក្មេងមានសេចក្ដីសុខ និង ចម្រើនធំធាត់។ ពេលខ្លះ ឪពុកម្ដាយសម្លឹងឃើញថា ខ្លួនមានតួនាទីត្រឹមតែប៉ុណ្ណឹងឯង។
- ដោយពិត ការចិញ្ចឹមគួរតែមានអត្ថន័យជ្រាលជ្រៅជាងនោះ ចិញ្ចឹម មានន័យថា អ្វីដែលតាំងនៅមិនបាន យើងជួយផ្ចុងផ្ដើមឲ្យតាំងនៅបាន។ យើងត្រូវចិញ្ចឹមក្មេងឲ្យគេរស់នៅបានដោយខ្លួនឯង ពេលគេរស់នៅដោយខ្លួនឯងបាន យើងក៏អស់តួនាទី។
- ឪពុកម្ដាយ ត្រូវគិតថា ក្មេងត្រូវរស់នៅបានយ៉ាងណា? យើងត្រូវធ្វើអ្វីខ្លះ? ក្រៅអំពីការឲ្យអាហារ គ្រឿងប្រើប្រាស់ ឬបច្ច័យ៤ ឬគ្រឿងស៊ី គ្រឿងលេង គ្រឿងប្រើ ដែលជាសភាពជុំវិញផ្នែកខាងក្រៅ ដើម្បីបើកឱកាសឲ្យក្មេង បំពេញសមត្ថភាពដែលនឹងអាចក្រោកឈរឡើងបានដោយខ្លួនឯង។ ការរស់ នៅបានដោយខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងនោះ គឺត្រូវតែរៀន។ ការចិញ្ចឹមត្រូវតែប្រព្រឹត្តទៅជាគូជាមួយការអប់រំឲ្យគេយល់ដឹង។ ឪពុកម្ដាយត្រូវចងចាំចំណុចនេះគឺចិញ្ចឹម និង ជួយបើកឱកាសឲ្យក្មេងបានរៀន។
- បើឪពុកម្ដាយយល់ថា ការចិញ្ចឹម គឺការឲ្យនូវវត្ថុ គឺរបស់ស៊ី របស់ប្រើ របស់លេង មកទំនុកបម្រុងឲ្យក្មេងមានសេចក្ដីសុខ រីករាយ បើកិតឃើញយ៉ាងនោះ ក៏មានន័យថាចប់។ ការធ្វើយ៉ាងនោះមិនមែនជាការចិញ្ចឹមទេ គឺជាការបម្រើ។ ដូច្នេះ ទើបត្រូវសម្លឹងមើលប្រយោជន៍ក្នុងរបស់ដែលត្រូវនាំមកឲ្យក្មេង ដើម្បីផ្គត់ផ្គង់ក្នុងការអភិវឌ្ឍរបស់ក្មេង។ តើយើងត្រូវធ្វើយ៉ាងណា ដែលជាការបើកឱកាស និង ជាបច្ច័យផ្ចុងផ្ដើមឲ្យក្មេងបានរៀន។ នេះជារឿងសំខាន់ ព្រោះថា ឪពុកម្ដាយដែលមានការយល់ដឹងយ៉ាងនេះមិនបង្អង់នៅត្រឹមតែការឲ្យនូវរបស់ដល់ក្មេង តែតែងរំពឹងថា យើងនឹងចាត់ចែងយ៉ាងណា ដើម្បីបើកឱកាសឲ្យក្មេងបានរៀនសូត្រ និង ហ្វឹកហាត់ខ្លួនឲ្យបានល្អតទៅ។ ដូច្នេះ ទើបត្រូវប្រើពាក្យថា ចិញ្ចឹម និង ឲ្យរៀន។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
0 comments:
Post a Comment