Wednesday, September 9, 2015
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហា ជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺ បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជា ពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។
ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិន មាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេល រថយន្តខូច ឬ ធ្លាយកង់ទេនោះ លុះដល់រថយន្តខូច ឬ ធ្លាយកង់ ក៏រមែងមានការលំបាកច្រើនក្នុងដំណើរផ្លូវ ប៉ុន្តែ បើយើងមាននូវគ្រឿងបន្លាស់ និង មាននូវឧបករណ៍ ផ្សេងៗ ដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្ត មានបញ្ហាអ្វីណាមួយនោះ យើងក៏កក់ក្តៅក្នុងចិត្ត ហើយ ប្រសិនបើរថយន្តមាននូវបញ្ហាពិតមែន ដូចជាធ្លាយកង់ ជាដើម យើងក៏មិនមានទុក្ខលំបាកអ្វីពេកនោះដែរ ព្រោះ យើងអាចដោះស្រាយ សេចក្តីនេះយ៉ាងណា ក្នុងជីវិត របស់យើងម្នាក់ៗ គឺដូចគ្នា បើយើងមិនមាននូវធម៌ជា គ្រឿងសម្រាប់កក់ក្តៅក្នុងចិត្តទេ ដល់ពេលមានបញ្ហាកើត ឡើង ក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែង។
យើងបានសិក្សាព្រះធម៌ តាមរយៈនៃការអាន សៀវភៅ និងតាមរយៈនៃការស្តាប់ នាំឱ្យកើតការយល់ដឹង ក្នុងរឿងពិតទាំងឡាយរបស់ជីវិត យើងក៏បានធូរចិត្តស្រាក ស្បើយពីការតានតឹងចង្អៀតចង្អល់ សេចក្តីកង្វល់ក្នុងបញ្ហា ជីវិតពិតជាដោះស្រាយបាន ។
រឿងរ៉ាវផ្សេងៗក្នុងជីវិត ជាវិបត្តិ ជាឧបសគ្គ វានៅ តែកើតមានជាធម្មតា ប៉ុន្តែវាមិនមានពិសក្តៅជ្រាបចូល ទៅក្នុងចិត្តឡើយ ព្រោះមានធម៌នៅក្នុងចិត្តរបស់យើង ដែលថាមានធម៌ គឺ មានការយល់ដឹងនូវសេចក្តីពិតរបស់ ជីវិត ។
ការសិក្សាព្រះធម៌ វាមានប្រយោជន៍នៅត្រង់ការ
យល់ដឹងនូវសេចក្តីពិតរបស់ជីវិតហ្នឹងឯង ព្រោះមានការ យល់ដឹងនេះហើយ ទើបយើងមានសេចក្តីស្ងប់រម្ងាប់ ចំពោះមុខនៃឧបសគ្គ ចំពោះមុខនៃវិបត្តិផ្សេងៗក្នុងជីវិត។ ចិត្តស្ងប់រម្ងាប់ធ្វើឱ្យយើងរឹងរឹតតែឆ្លាត តែបើចិត្តខឹងក្រោធ វិញ វារមែងធ្វើឱ្យយើងទៅជាមនុស្សល្ងង់មួយរំពេច ។
ពុទ្ធបរិស័ទទាំងឡាយ បានពេញចិត្តក្នុងការសិក្សា ស្តាប់នូវព្រះធម៌ជាប្រចាំ ព្រោះបានស្ងប់ចិត្តសមគួរទៅ តាមការយល់ដឹង ។ រឹងរឹតតែយល់ដឹង ប្រយោជន៍ គឺ សេចក្តីស្ងប់ចិត្តក៏រឹងរឹតតែចម្រើន ដូច្នេះទើបពុទ្ធបរិស័ទ មិនធុញទ្រាន់នឹងការក្រេបរសរបស់ព្រះធម៌ឡើយ ។
ពុទ្ធបរិស័ទបានយល់ដឹងអំពីជីវិត គឺ ពុទ្ធបរិស័ទមាន ការចម្រើនទៅដោយគុណធម៌ ព្រោះគុណធម៌ គឺមេត្តា ករុណាក្តី សេចក្តីសន្តោសក្តី សេចក្តីព្យាយាមក្តី សីលក្តី សមាធិក្តី ខន្តីសេចក្តីអត់ធន់ក្តី ជាដើមនេះ រមែង កើតឡើងចម្រើនក្នុងចិត្ត ដោយអាស្រ័យការយល់ដឹងអំពី សេចក្តីពិតរបស់ជីវិតហ្នឹងឯង ។
ដើម្បីជាប្រយោជន៍ធំទូលំទូលាយ សូមពុទ្ធបរិស័ទ កុំទៅវត្តតែម្នាក់ឯង កុំសិក្សាស្វែងយល់តែម្នាក់ឯង ត្រូវ ដឹកនាំ ត្រូវបបួលមិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀត ឱ្យ បានចូលមករកផ្លូវត្រូវ ផ្លូវប្រពៃផង គឺជាការជួយសង្គ្រោះ មិត្តសម្លាញ់និងអ្នកដទៃផ្សេងទៀតនោះ ដោយការសង្គ្រោះ ផ្លូវចិត្តផ្លូវវិញ្ញាណ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ឪសព្វទានំ ធម្មទានំ ជិនាតិ ឱ ការឱ្យទានធម៌ រមែងឈ្នះការ ឱ្យទានទាំងពួង ការឱ្យរបស់ដទៃនោះជារឿងខាងក្រៅ តែការឱ្យនូវព្រះធម៌ជាទាន ជារឿងខាងក្នុង ។ របស់ដទៃ ជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់ ចិត្ត របស់ណាដែលជាប្រយោជន៍ដល់ចិត្ត ជារបស់ដែល យើងគួរឱ្យ គួរចែក ជាចាំបាច់បំផុត ឬថា គួរនាំគេឱ្យមក ទទួលដឹងក្នុងរឿងដែលគេគួរយល់ដឹង ឱ្យគេបានដឹង បាន យល់ នៅក្នុងគោលធម៌ព្រះពុទ្ធសាសនា ដើម្បីបានដោះ-ស្រាយក្នុងបញ្ហាជីវិតរបស់គេ ។ បើយើងបានឃើញមិត្ត របស់យើងមាននូវសេចក្តីទុក្ខ មាននូវសេចក្តីក្តៅក្រហាយ ចិត្ត យើងក៏ទៅបបួលគេចូលវត្ត ដូចជាថ្ងៃឧបោសថសីល ជាដើម យើងក៏ទៅបបួលគេមក ឱ្យគេបានមកអង្គុយស្ងប់ ចិត្តខ្លះ ឱ្យគេបានស្តាប់ បានរៀនដឹងរឿងរបស់ជីវិត ឱ្យគេ បានយល់ដឹងការពិត គេក៏បានធូរថយនូវសេចក្តីទុក្ខក្តៅក្រ-ហាយចិត្ត ទៅតាមភាពភ្លឺស្វាងរបស់គេ ។ ការជួយមិត្ត សម្លាញ់ក្នុងសភាពបែបនេះ ជាការជួយដ៏ពិតប្រាកដ ជា ការជួយយ៉ាងថាវរៈមាំមួន ធ្វើឱ្យមិត្តសម្លាញ់បាននូវវត្ថុដ៏ ពិសិដ្ឋឋិតថេរនៅក្នុងចិត្តរបស់គេអស់កាលជានិច្ចរហូត តទៅ ដូច្នេះការជួយមិត្តភក្តិ តាមផ្លូវព្រះពុទ្ធសាសនា គឺជា ការងារដែលគួរធ្វើ ។
ការសាងគុណធម៌ឱ្យចម្រើនក្នុងចិត្តរបស់ខ្លួនផង ជួយឱ្យអ្នកដទៃបាននូវគុណធម៌ប្រចាំចិត្តផង នេះគឺជា ប្រយោជន៍ដ៏មានខ្លឹមសារក្នុងជីវិតរបស់មនុស្សយើង ។
ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធភាសិត ៤៣គាថា
រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment