Wednesday, September 9, 2015
ប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ
ព្រះរាជា មានកម្លាំង ទ្រង់សង្កត់សង្កិន នូវពួកស្តេចជា សត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុងក្នុងដែនដែលទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឱ្យជាងធ្វើកំពែងស្នាមភ្លោះសសរខឿន ខ្លោងទ្វារនិងប៉មទាំងឡាយផ្សេងៗជាច្រើនក្នុងនគរ ។ ទ្រង់ឱ្យជាងធ្វើផ្លូវត្រឡែងកែងផ្លូវថ្នល់រានផ្សារជាចន្លោះដែលតាក់តែងល្អព្រមទាំងសភាសម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើននិងសេចក្តីមិន ចម្រើនក្នុងនគរនោះ ។
ព្រះរាជាអង្គនោះទ្រង់តាំងសេនាមាត្យដើម្បីឱ្យសង្កត់សង្កិននូវពួកសត្រូវឱ្យស្គាល់ទោសនិងមិនមែនទោស ដើម្បីរក្សា នូវពួកពល ។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈ ជាអ្នក ឈ្លាសវៃក្នុងការទុកដាក់ ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈ ដោយ ព្រះរាជបំណងថា កុំឱ្យភណ្ឌៈ របស់យើងវិនាសទៅបានឡើយ ។
បុរសនោះ ជាអ្នកមានស្វាមីភក្តិចំពោះព្រះរាជា ព្រោះព្រះរាជាប្រាថ្នាការចម្រើនដល់បុរសណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈក្នុងការវិនិច្ឆ័យអធិករណ៍ដល់បុរសនោះដើម្បីប្រតិបត្តិកុំឱ្យបែកមិត្ត។
ព្រះរាជានោះទ្រង់តាំងបុរសអ្នកវាងវៃក្នុងឧប្បត្តិហេតុទាំងឡាយផងក្នុងនិមិត្តទាំងឡាយផងក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត ។ ព្រះរាជាបរិបូណ៌ដោយអង្គទាំងឡាយនោះហើយទើបហៅថាក្សត្របុរសទាំងនោះតែងរក្សាព្រះរាជានោះសព្វៗកាលដូចសត្វចាក្រពាក រក្សាក្រុមញាតិដែលដល់នូវសេចក្តីទុក្ខ ។
បពិត្រព្រះអង្គមានព្យាយាមធំអ្នកផងតែងហៅព្រះអង្គថាធម្មរាជរបស់សត្វលោកព្រមទាំងទេវលោកដូចក្សត្រដែលបានកម្ចាត់សត្រូវហើយដូច្នោះដែរ។ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកអន្យតិរ្ថិយទាំងឡាយផងនូវមារព្រមទាំងសេនាផងទ្រង់ទម្លាយមោហន្ធការដ៏ងងឹតរួចហើយ ព្រះអង្គកសាងនូវធម្មនគរ។បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ឯក្នុងធម្មនគរនោះមានសីលជាកំពែងមានញាណរបស់ព្រះអង្គជាខ្លោងទ្វារមានសទ្ធារបស់ព្រះអង្គជាសសរខឿននិងមានការសង្រួមជា នាយឆ្មាំទ្វារ ។
បពិត្រព្រះមុនី ព្រះអង្គមានសតិប្បដ្ឋាន ៤ ជាប៉ម បញ្ញា របស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទ ៤ ជាផ្លូវត្រឡែងកែង ធម្មវិថី គឺ ពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់សាងទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និង ព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នោះ ជាធម្មសភារបស់ព្រះអង្គ ។
សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិន មានតណ្ហាជាគ្រឿងញាប់ញ័រ និង ការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ (គឺប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ )។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំងទុក ហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថាសារីបុត្ត គឺជា ធម្មសេនាបតីរបស់ព្រះអង្គ ។
បពិត្រព្រះមុនីព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណគឺប្រាជ្ញាដែលដឹងនូវចុតិនិងបដិសន្ធិរបស់សត្វដល់នូវត្រើយនៃឫទ្ធិមានឈ្មោះថាកោលិតៈជាបុរោហិតរបស់ព្រះអង្គ ។
បពិត្រព្រះមុនីព្រះថេរៈឈ្មោះកស្សបៈអ្នកទ្រទ្រង់វង្សបុរាណមានតេជះដ៏ខ្ពង់ខ្ពស់ដែលគេគ្របសង្កត់បានដោយក្រប្រសើរក្នុងគុណគឺទ្រទ្រង់ធុតង្គទាំង១៣ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ ។
បពិត្រព្រះមុនីព្រះថេរៈជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ចេះ ចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថា អានន្ទ ជាអ្នករក្សា ធម៌របស់ព្រះអង្គ ។
ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ព្រះអង្គ បានរំលងគឺវៀរនូវព្រះថេរៈទាំងអស់នោះ ហើយទ្រងប្រ់ទានការ វិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយសម្តែងហើយ ដល់ខ្ញុំ ព្រះអង្គ ។
ពុទ្ធសាវកណាមួយ សួរបញ្ហាក្នុងវិន័យ( នឹងខ្ញុំព្រះអង្គ )ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហានោះទេខ្ញុំព្រះអង្គប្រាប់សេចក្តី នោះតែម្តង ។
ពុទ្ធក្ខេត្តកំណត់ត្រឹមណាវៀរលែងតែព្រះមហាមុនីចេញមិនមានភិក្ខុណាស្មើនឹងខ្ញុំព្រះអង្គក្នុងព្រះវិន័យឡើយតើនឹងមា ភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណាមក ។
ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃហើយទ្រង់ប្រកាសយ៉ាងនេះថាភិក្ខុណាមួយជាអ្នកស្មើដោយឧបាលីក្នុងវិន័យនិងខន្ធកៈមិនមានឡើយ ។
សត្ថុសាសនាមានអង្គ៩ដែលព្រះពុទ្ធសម្តែងហើយមានកំណត់ត្រឹមណាទាំងអស់នោះព្រះអង្គសម្តែងហើយក្នុងព្រះវិន័យឱ្យដល់បុគ្គលអ្នកឃើញថា( នវង្គសត្ថុសាសនាទាំងនោះ ) មានព្រះវិន័យជាឫសគល់ ។
ព្រះគោតមជាបុគ្គលប្រសើរក្នុងសក្យត្រកូលទ្រង់រលឹកឃើញនូវអំពើរបស់ខ្ញុំហើយព្រះអង្គទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃបានតែងតាំងនូវខ្ញុំក្នុងតំណែងជាឯតទគ្គៈខាងវិន័យធរ ។
ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះមួយសែនកប្បមកហើយឥឡូវនេះប្រយោជន៍នោះខ្ញុំបានសម្រេចហើយខ្ញុំបានដល់នូវត្រើយក្នុងព្រះវិន័យហើយ ។
កាលពីដើមខ្ញុំជានាយខ្មាន់ព្រះកេសជាអ្នកបណ្តុះសេចក្តីត្រេកអរដល់ពួកសក្យៈឥឡូវនេះខ្ញុំបានលះបង់កំណើតនោះចោលចេញហើយបានមកជាបុត្ររបស់ព្រះមហេសីសម្ពុទ្ធវិញ ។
ដកស្រង់ចាក សៀវភៅ ជំនួយសតិភាគទី១៦រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment