Wednesday, September 9, 2015

ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?




សាសនិក​នៅ​ក្នុងពាហិរសាសនា​ជាច្រើន វៀរ​តែព្រះពុទ្ធសាសនា​ពួក​គេ​បាន​ជឿ​ថា សាសនាទាំងអស់​មាន​ដើម​កំណើត​មក​ពី​ស្ថាន​សួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬ​ព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជា​អ្នក​បង្កើត​ឡើង ព្រមទាំងបាន​ចុះ​មក​ផ្សព្វផ្សាយ ឬ​បង្រៀន​មនុស្ស​ឲ្យ​ដឹង​ពី​ត្រៃវេទ របស់​ខ្លួន​ដោយ​បង្កើត​ឡើង​ជា​គម្ពីរ​ក្បួន​ខ្នាត​សម្រាប់​ឲ្យ​មនុស្ស​សូត្រ​សរសើរ ឬ​សូត្រ​បួងសួង​ក្នុងពិធី​ផ្សេងៗ​ជាដើម។ ឯសាសនា​ផ្សេង​ទៀត​ក៏​មាន​ការ​ជឿ​ថា ដើម្បី​ចូលកាន់​សាសនា​របស់​ពួក​គេ​បាននោះ លុះ​តែ​ជឿ​ឲ្យ​ស៊ប់​កុំ​សង្ស័យ​ចំពោះ​ព្រះ​របស់​ពយក​គេ​ជាដើម នោះ​ទើប​ព្រះជាម្ចាស់ ឬ​ព្រះសួគ៌​របស់​ពួក​គេ​ចុះ​មក​ជួយ​យឹងយោង​បាន ហើយ​ត្រូវ​មាន​ការ​ស្បថសច្ចា អធិដ្ឋានចំពោះ​ព្រះដ៏បរិសុទ្ធ​របស់​ពួក​គេ នោះ​ទើប​ព្រះអាច​ជួយ​ប្រោសបាន ឬ​ជួយ​លុបលាង​បាប​ឲ្យ​សាវក​នោះ​បាន...។


តាម​ការ​សង្កេត​ផ្ទាល់​របស់​ខ្ញុំ ចំពោះ​ពាហិរសាសនា​ទាំងអស់​ឃើញ​ថា គេ​និយម​យកភាព​អស្ចារ្យ សក្ដានុពល និង​ភាព​វិជ្ជាមាន​ផ្សេងៗ​របស់​ព្រះគេ​មក​បង្រៀន​ឲ្យ​មនុស្ស​សូត្រ ហើយ​បង្គាប់​ឲ្យ​មនុស្ស​ជឿថា​ពាក្យ​ទាំងឡាយ​ក្នុងព្រះគម្ពីរ​នោះៗ គឺ​ជា​ព្រះបន្ទូល​ផ្ទាល់​របស់​ព្រះគេ ព្រម​ទាំង​មាន​ការ​ធានារ៉ាប់រង​ថា អ្នកជឿ​ព្រះរបស់​ពួក​គេ​នឹង​បាន​រួចផុត​ចាកទុក្ខ​ត្រូវបានព្រះដ៏បរិសុទ្ធ​នាំ​ឲ្យ​ទៅ​កើត​ក្នុងស្ថាន​សួគ៌​ជាដើម។ តើ​ឯណា​ទៅស្ថាន​សួគ៌? តើព្រះតាំងនោះ ពិតជា​អាចជួយសង្គ្រោះ​មនុស្សលោក​ទាំងឡាយបាន ដោយគ្រាន់​តែ​ជឿ​តាមព្រះ​ទាំងនោះឬ? តើ​អ្នក​អាច​ជឿ​បាន​ទេ​ថា បាប​កម្ម​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដោយខ្លួន​ឯង ព្រះពិត​ជាចុះ​មក​ទទួល​រងទុក្ខ​ជំនួស​រូប​អ្នក​បាន? តើ​រឿង​ទាំង​នេះ ជាការ​គិត​ស្រមើស្រមៃ​របស់​អ្នក​ដូច​ក្នុងរឿងកុន រឿង​វីដេអូទេ? ឬ​មួយជាការ​ជឿតាម​ពាក្យ​ឃោសនា​របស់​សាវក​របស់​គេ ទាំង​ដែលរូប​អ្នក​នៅ​ស្រពេចស្រពិល​ទេ? តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​ថា ធ្វើល្អបានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ធ្វើ​បុណ្យបានបុណ្យ ធ្វើបាប​បាន​បាប ឬ​ពាក្យ​ថា ដាំពូជ​បែប​ណា​បាន​ផ្លែផ្កា​បែប​នេះ​ទេ? ហេតុ​ផល​វា​ជា​គូគ្នា​យ៉ាង​ណា ការ​ជឿ​លើ​សាសនា​ទាំង​ងងឹតងងល់​ក៏​ជា​គូ​នៃ​ការ​នៅ​ប្រាស​ចាកសតិ ក្នុងការ​យល់​ដឹង​ទ្រឹស្ដី​កម្មផល​ដែរ។ ព្រោះ​អ្វី? ព្រោះ​ថា​សាសនា​ជាច្រើនគេ​មិន​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​រក​ផ្លូវ​ត្រាស់ដឹង​នូវ​សច្ចៈឡើយ គឺ​ត្រូវ​ពឹងលើ​ព្រះតែម្យ៉ាង​ប៉ុណ្ណោះ ទើប​អាច​ជួយ​ដោះស្រាយ​នូវ​សេចក្ដី​ទុក្ខ​ទាំងពួងបាន បើ​ព្រះគេ​ថា​ឆ្វេង​គឺ​ត្រូវ​ថា​ឆ្វេង បើ​ថា​ស្ដាំ គឺ​ត្រូវ​ថាស្ដាំ ពួក​គេ​និយម​ប្រើ​ពាក្យ​ជឿ​ជំនួស​ឲ្យ​ពាក្យ​ថា យល់​ដឹង ស្រាវជ្រាវបន្ថែម ឬ​ដក​ពិសោធន​ដោយ​ខ្លួន​ឯង ពួក​គេ​និយម​យក​ជំនឿ​តាំង​មុខ​ទាំង​ងងុល មិនព្រម​ពិចារណា​រក​ការ​ពិត​ទាល់តែសោះ ឱហ្ន៎! មនុស្ស​ភ្នែក​ភ្លឺ​សោះ​បែរ​ជា​ធ្វើ​ខ្វាក់ មនុស្ស​ដេក​សម្ងំ (ដេក​មិន​លក់) បែរ​ធ្វើ​ជាដេកលក់​នេះ ពិបាក​ដាស់​ឲ្យ​ភ្ញាក់​មែន​ទែន ហេតុ​ផល​តែង​មាន​ពិត​ដោយ​សារ​តែ​ជំនឿ​ផ្កាប់​មុខ ជាប់​ជំពាក់​ក្នុងលាភ​សក្ការៈ និង​អំណោយ​បន្តិចបន្តួច​បិទភ្នែក​ជឿ​ទាំង​អគតិ ធ្វើ​ឲ្យ​បាត់បង់​ស្មារតី ព្រម​ទាំងការ​ពិត​ក្នុង​ធម្មជាតិ​ទៅ​វិញ បែប​នេះ​គួរ​ហៅ​ថា មនុស្ស​ក្បត់​នឹង​ឧត្ដម​គតិ​ខ្លួន​ឯង ទើបសម​ជាង​ពាក្យ​ថា សាវក​របស់​ព្រះ (ទាំង​នោះ)។

ការ​ជឿ​ផ្កាប់​មុខ​ដោយ​មិន​ព្រម​ស្ដាប់​ហេតុ​ផល​នៃ​ធម្មជាតិ វា​មិន​មែន​ជាបដិបទា​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ក្នុងលោក​នេះ​ឡើយ លុះ​ត្រា​តែ​ដក​ជំនឿ​ចេញ បែរ​មក​សិក្សា ដក​ពិសោធ​តាម​សច្ចធម៌​វិញ​ទើប​ល្អ​ជាង។

គោលជំហនៃព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនា គឺ​មាន​ដើម​ដំណើត​នៅ​លើភព​ផែន​ដី​នេះ​ហើយ​ព្រះពុទ្ធសាសនា​បាន​ស្ថិត​ស្ថេរ​គង់​វង្ស ព្រម​ទាំង​មាន​ការ​តាំង​មាំ​ក្នុងចិត្ត​របស់​មនុស្ស​ទាំងឡាយ មិន​មែន​ព្រោះ​តែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា​ ការ​សម្ដែងអួតសរសើរ ការ​អូសទាញ ឬ​ការ​បញ្ចុះ​បញ្ចូលមនុស្ស​ឲ្យ​ជឿទាំង​ខ្វះ​ហេតុ​ផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ​ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារៈ លុយកាក់ ប្រាក់​កាស​បន្តិចបន្តួច​ហើយ កៀរ​គរ​បរិស័ទ​នោះ​ទេ។

តាម​ពិត​ទៅ​អ្នកដែល​គោរព​បូជា​ព្រះពុទ្ធសាសនា មិនមែន​បែប​ប្រមូល​បរិស័ទ​នោះ​ទេ ហើយ​ក៏​មិន​មែន​ជឿ​ព្រោះ​បានលាភសក្ការៈ​នោះ​ដែរ។ គ្រប់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ហៅ​ថា ពុទ្ធបរិស័ទ នោះ​គឺ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ឈ្វេងយល់​យ៉ាង​ច្បាស់ អំពី​គោល​ការណ៍​សំខាន់ៗ​នៃមាគ៌ា​ប្រតិបត្តិ​រួច​ទៅ​ហើយ ទើប​ពួក​គេ​មាន​ការ​ជឿជាក់​ជាខាងក្រោយ​មិនមែន​ជឿ​រួចហើយ​ទើប​ប្រតិបត្តិ​តាម​នោះ​ទេ វាស្រប​ទៅ​នឹង​ពាក្យ​ថា​ គិត​ហើយ​សឹមគូរ ទើប​ត្រឹម​ត្រូវ​ប្រាកដ​និយម មិនមែន​គូរ​រួចហើយ​ទើប​គិត​ជាខាងក្រោយ​នោះ​ទេ ឬ​មួយ​ក៏​ខ្ញុំ​គិត​ខុស​ម្នាក់​ឯង អាត្មានិយម​ទេដឹង? ចុះ​អស់​លោក​អ្នក​អាន​វិញ មានការ​យល់​យ៉ាង​ណា​ដែរ?

ជាការ​ពិត​ណាស់ បើ​ទោះ​បី​ជា​ច្បាប់​នៅ​ប្រទេស​កម្ពុជា​បានចែង​ថា ប្រជាជន​ទាំងពីរភេទ​មានសិទ្ធិគោរព និង​ជំនឿ​លើ​សាសនា​ដែល​ខ្លួន​ពេញ​ចិត្ត​ក៏​ដោយ តែ​ក៏​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ផងដែរថា ព្រះពុទ្ធសាសនា គឺ​ជា​សាសនា​របស់​រដ្ឋ ប្រជាជន​ជាង ៩៥ ភាគរយ​គោរព​បូជា​ព្រះពុទ្ធសាសនា និងគាំទ្រ​យ៉ាងមុតមាំ​មិន​ថា​តែ អ្នក​រស់​នៅ​ទីក្រុង ឬ​ជនបទស្រែចម្ការ​នោះ​ទេ ហើយមានពុទ្ធមណ្ឌល (វត្តអារាម) គ្រប់ទិស​ទី​ក្នុងប្រទេស​ផងដែរ។

វិសាលភាព​នៃ​ព្រះពុទ្ធសាសនា

បើតាម​ប្រវត្តិ​សាស្ត្រ​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ព្រះពុទ្ធសាសនា​បានផ្សព្វផ្សាយ​មក​កាន់​ដែន​ដី​សុវណ្ណភូមិ តាំងពី​ព្រះពុទ្ធសករាជ ២៣៤ មកម្ល៉េះ។ នៅ​ក្នុងចំណោម​ប្រទេស​ទាំងនោះ ក៏មានប្រទេស​កម្ពុជា​មួយ​ផងដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធសាសនា​ដ៏​ថ្លៃថ្លា​ជាអនេកអនគ្ឃរកថ្លែង​ពុំ​ត្រូវ​ទាល់​តែ​សោះនេះ ហើយ​ប្រជាជន​ទាំងអស់​ក៏បាន​ទទួល​ស្គាល់​ថា ជាសាសនា​មួយ​ដឹក​នាំ​សង្គម​មនុស្ស​ឲ្យ​មាន​សុខសន្តិភាព​វិបុលភាព ភាតរភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាងទូលំទូលាយ ទូទាំង​ពិភពលោក​ផងដែរ។

សរុបសេចក្ដី​ទៅ​អាច​ហៅ​បាន​ថា ព្រះពុទ្ធសាសនា គឺ​ជាសាសនា​សន្តិភាព និងពោរពេញ​ដោយ​បញ្ញាញាណ ហេតុ​ដូច្នេះ ទើប​ពុទ្ធបរិស័ទ​សុទ្ធសឹង​តែ​ជា​អ្នក​ប្រកប​ដោយ​សុទ្ធិដ្ឋិនិយម ហេតុ​ផល​និយម កម្មផលនិយម និងភាព​ប្រាកដ​និយម​ចំពោះ​ទស្សនៈ​ជីវិត​នៃ​មនុស្ស​ជាតិ។

បើ​ទោះ​បី​ជា​ព្រះពុទ្ធសាសនា​មាន​ភាព​ប្រាកដ​និយម ដែល​មនុស្ស​អាចសិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយខ្លួន​ឯង​ក៏ដោយ ក៏​គង់​នៅ​មានមនុស្ស​ជាច្រើន​បដិសេធ​មិន​ទទួល​យកមក​ប្រតិបត្តិ​ដែរ ថែម​ទាំងនាំគ្នា​ពោលចំអក តិះដៀល មើលងាយ ពេបជ្រាយ ចំពោះ​ព្រះពុទ្ធសាសនា​ទៀត​ផងដូច​ជា​ថា ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​ឲ្យ​ក្រៃក្រ ដឹក​នាំ​មនុស្ស​ឲ្យទន់ខ្សោយ ដឹកនាំ​មនុស្ស​ឲ្យ​ខ្លាច​គេ ដឹក​នាំ​មនុស្ស​ឲ្យ​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ជាដើម។ ចុះពុទ្ធបរិស័ទ​ផ្ទាល់​យល់​ឃើញ​យ៉ាង​ណា​ដែរ? ទើប​បាន​ជា​យក​ចិត្ត​ទុកដាក់​ក្នុងការ​ប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះអង្គ? ព្រះពុទ្ធសាសនា​ក៏​មិន​អួតសរសើរ​ថា ខ្លួន​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ គឺ​នៅ​រង់​ចាំ​អ្នកយក​ធម៌​ទៅ​ប្រើ​ប្រាស់​ដក​ពិសោធ​មើល​ដោយ​ខ្លួន​ឯង បើ​ទោះ​បី​ជា​ព្រះពុទ្ធ​សម្ដែង​ថាផ្លូវ​នេះ​ល្អ​គួរ​តែ​ដើរ តែ​អ្នក​មិន​ព្រម​ដើរ បែរ​ទៅ​ជា​ជ្រើស​រើស​ផ្លូវ​ផ្សេង ហើយ​ស្រាប់​តែ​មក​បន្ទោស​ផ្លូវ​វិញ​នោះ វា​ជា​រឿង​មិនត្រឹម​ត្រូវ​ទេ ប្រការ​សំខាន់ គឺ​ត្រូវ​អនុវត្ត​ដោយ​ខ្លួន​ឯង កុំ​ឲ្យ​ឮ​តែ​គេ​ថា ហើយ​តិះដៀល​ព្រះពុទ្ធសាសនា ទាំង​ដែលខ្លួន​នៅ​ក្នុងសង្គម​នៅមានព្រះពុទ្ធសាសនា​ស្ថិត​ស្ថេរ តាំង​នៅ​ឲ្យ​ត្រចះត្រចង់​គួរ​តែ​សាក​ល្បង ដក​ពិសោធ​មើល​មើល៍ កុំឲ្យ​ដូច​ជា​ពាក្យ​មួយ​ពោល​ថា

កង្កែប​នៅជិត​គុម្ព​ឧប្បល មិនស្គាល់​ជាតិ​ឈូក​ក្លិន​គន្ធា
កន្លង់​នៅ​ឆ្ងាយ​ត្រេចត្រង់​ផ្កា ជញ្ជក់​រសាកេសរបាន។
ធម៌ព្រះ​ល្អល្អះ​មិនខំរៀន ចេះ​ចាំ​នឹង​មាន​ពី​ថ្មើរ​ម៉ាន
ខុស​ប្លង់​ភ្លាំងភ្លាត់​ទុក្ខសាមាន្យ ស្ដីញាតិ​សន្ដាន​ថា​មិន​ប្រាប់។

ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់

0 comments:

Post a Comment