ពុកថា.........ម៉ែថា...............!
ម៉ែថា ត្រូវត្រាប់សត្វត្រដេវវ៉ិច ដេកមិនភ្លឹកភ្លេចស្មារតីប្រយ័ត្ន
ពុកថា រៀនធម៌កុំសូត្រតែមាត់ ប្រឹងប្រតិបត្តិផងទើបយល់បាន។
ម៉ែថា ស្ទឹងដប់មិនស្កប់ទន្លេ ច្បាប់គ្រូល្អទេកុំប៉ងបំពាន
ម៉ែថាចង់ចេះសម្លាប់អាចារ្យត្រូវចាំតម្រា
សុ.ចិ.បុ.លិ.( ១ )
ពុកថា ចង់មានសម្មាទិដ្ឋិ ត្រូវលះ
អស្មិ ប្រកាន់ មានះ ។
ម៉ែថា ធ្វើល្អកេរ្តិ៍គង់ពាន់ឆ្នាំ តែធ្វើបាបកម្មនាំទុក្ខក្រៃក្រាស់
ពុកថា បើស្អប់ច្រើនជំពប់ប៉ះ មិនស្ដាប់ពាក្យចាស់ច្បាស់ជាចំបែង ។
ម៉ែថា កុំដេកដូចជាសត្វជ្រឹង ស្អុយឆ្អេះទ្រហឹងនោមស្រោចខ្លួនឯង
ពុកថា គីង្គក់កុំលក់ថ្នាំស្រែង កុំអួតក្ដែងៗក្រែងចេះគេផង ។
ម៉ែថា ចេះដប់ចាញ់ប្រសប់មួយ កុំចេះតែព្រួយគិតតែបន់ផ្សង
ពុកថា ពាក្យចាស់មានច្រើនកន្លង ពិចារណ៍ច្រើនដងទើបយល់ន័យបាន៕
ពន្យល់ពាក្យ ៖ សុ = សុត “ស្ដាប់”, ចិ= ចិន្ត “គិត”, បុ= បុច្ឆ “សួរ”,
លិ= លិខ
“សរសេរ, កត់,
ចម្លង”,
ជាអង្គរបស់អ្នករៀន ។
ដោយៈឧបាសក
ហ៊ិម ឆាន់
0 comments:
Post a Comment