ការងារក្នុងរង្វង់គ្រួសារ
ការងារក្នុងរង្វង់គ្រួសារ យើងត្រូវមានសតិសម្បជញ្ញៈស្រលាញ់រាប់អានក្រុមគ្រួសាររបស់យើងព្រោះយើងរស់នៅក្នុងរង្វង់ក្រុមគ្រួសារ រស់នៅក្នុងវង្សត្រកូល ត្រូវថែទាំវង្សត្រកូលឲ្យបានល្អផង។
យើងត្រូវលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សុខដល់គ្នាច្រើននៅក្នុងក្រុមគ្រួសារ ដូចជាភរិយាស្វាមីដែលរស់នៅជាមួយគ្នាជាដើម គឺស្វាមីរស់នៅដើម្បីភរិយា ចំណែកភរិយាក៏រស់នៅដើម្បីស្វាមីរបស់ខ្លួនដែរ កាលបើមានកូនហើយ យើងជាមាតាបិតាក៏រស់ដើម្បីកូន ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន។
គូភរិយាស្វាមីណា រស់នៅមិនបានបែកបាក់គ្នាដោយការឈ្លោះទាស់ទែងលែងលះគ្នា ព្រោះភរិយាឬស្វាមីនោះ មិនបានរស់នៅដើម្បីតែខ្លួនឯងម្នាក់ប៉ុណ្ណោះឡើយ គឺជាអ្នករស់នៅដើម្បីគ្នានឹងគ្នាទៅវិញទៅមក។ ទោះជាមានការមិនត្រូវអធ្យាស្រ័យគ្នាខ្លះ ដោយរឿងខ្លះក៏ដោយ ម្នាក់ៗត្រូវតែយល់ថា វាយ៉ាងហ្នឹងឯងមនុស្សផ្សេងគ្នានោះ នឹងឲ្យត្រូវគ្នាគ្រប់រឿងទាំងអស់យ៉ាងមិចបានទៅ ប៉ុន្តែត្រូវចេះរៀបចំសម្រួល កុំឲ្យចេះគិតថាគេត្រូវធ្វើតាមយើងទាំងអស់នោះ សូមចាំផងចុះថា << គេមិនតាមយើងព្រោះយើងមិនតាមគេ គេមិនដូចយើងព្រោះយើងមិនដូចគេ >> ដូច្នេះ ត្រូវចេះសម្រួលអធ្យាស្រ័យគ្នាម្ដងបន្តិចៗ ភរិយាទន់មក ស្វាមីទន់ទៅទីបំផុតផ្លូវណាក៏ត្រូវដើរទៅទាំងពីរនាក់ ត្រូវឈរលើស្មារតីស្មោះត្រង់ស្រលាញ់ត្រូវទាំងអស់គ្នា បើឈរលើស្មារតីយ៉ាងនេះ ប្ដីប្រពន្ធរមែងដើរផ្លូវជាមួយគ្នាជាផ្លូវសុភមង្គល ជាផ្លូវត្រូវ នាំគ្នាដើរទៅរកព្រះ ព្រោះបដិបត្តិតាមព្រះ។
ម៉ែឪមិនត្រូវគ្នាធ្វើឲ្យកូនលំបាក់ ការចែកកូនគ្នាជារឿងកំសត់ ម្យ៉ាងទៀត នៅក្នុងប្រទេសមានក្មេងស្រីប្រុសឡេះឡោះប៉ោឡែ ក៏ព្រោះបញ្ហាក្នុងក្រុមគ្រួសារជាហេតុផងដែរ ដូចជា ម៉ែឪបែកបាក់គ្នាលែងលះគ្នាធ្វើឲ្យកូនរស់មិនស្រួល បរិភោគមិនរៀបរយ ទន់ខ្សោយស្មារតី កូនប្រុសស្រីអាចខូចចិត្តខ្លាំងព្រោះវិបត្តិម៉ែឪ ខ្វះការគ្រប់គ្រង ឬ គ្រប់គ្រងមិនបានល្អដោយសារម៉ែឪរវល់ខ្វល់នឹងបញ្ហាខ្លួនឯង ជួនកាលកូនលែងស្ដាប់ដំបូន្មាន ព្រោះចាប់កំហុសម៉ែឪហើយក៏ប្រព្រឹត្តតាមទំនើងចិត្ត។
នៅមានទៀត គឺបញ្ហាមកអំពីម៉ែឪប្រព្រឹត្តឡេះឡោះខ្លួនឯង ឪប្រមឹកផឹកទាំងយប់ទាំងថ្ងៃវង្វេងផ្ទះសម្បែងលែងគ្រប់គ្រងប្រពន្ធកូនកើត ធ្វើឲ្យក្នុងផ្ទះរយីករយាក ម៉ែខូចមារយាទនិយាយអបាយមុខសំកុកវង់ល្បែង ទាំងនេះឯងដែលនាំឲ្យខ្មោចព្រាយគឺអពមង្គលចូលមកដល់ក្នុងផ្ទះ ចំណែកម៉ែអាងជេរឪ តើឲ្យកូនអាងអ្វីទៅ? វាជារឿងអាក្រក់អាក្រីក្រៃលែង គឺជាបាបដ៏ជ្រៅខ្មៅកខ្វក់ក្នុងគ្រួសារ ជះឥទ្ធិពលមិនល្អដល់ប្រទេសជាតិជាការទម្លាយវឌ្ឍនភាពសង្គម សរុបមកគឺជាបាបគ្រោះគួរជៀសវាងកុំឲ្យកើតមាននៅក្នុងគ្រួសារនីមួយៗ សូមឲ្យមាតាបិតាជាសាស្ត្រាចារ្យដ៏ល្អ និង ជាវិទ្យាល័យដ៏ល្អរបស់កូនប្រុសស្រី។
យើងគួរអធិដ្ឋានចិត្តថា << យើងនឹងស្រឡាញ់ហើយនឹងថែរក្សាក្រុមគ្រួសារជានិច្ច >> យើងជាមេគ្រួសារត្រូវបំរើគ្រួសារ ស្រឡាញ់ការងារដើម្បីគ្រួសារ ធ្វើការងារដោយសេចក្ដីអត់ធន់ ព្យាយមតាំងចិត្តក្នុងការងារចម្រើនឈានទៅមុខ កាលបើការងាររីកចម្រើន ក្រុមគ្រួសារក៏រីចម្រើន ខ្លួនឯងក៏បានចម្រើនតាមហ្នឹងទៅដែរ ពេលសម្រាកអំពីការងារហើយ ត្រង់មុខមកផ្ទះដោយមិនវៀចវេរ មិនទៅបំរើកាមគុណស្រីស្រា ពួកម៉ាកខិលខូចឯណាឯណី ដែលជារឿងអប្រិយនាំសត្រូវចូលផ្ទះសម្លាប់ប្រពន្ធកូនឡើយ។
យើងធ្វើការងារហើយ ត្រូវប្រញាប់រូតរះមកផ្ទះ ព្រោះយើងមានចំណងក្រុមគ្រួសារ មានអ្នករង់ចាំយើងនៅផ្ទះ ហើយមករកអ្នករង់ចាំ មានពេលជួបជុំគ្នាដោយល្អជាមួយប្រពន្ធកូន អាចធ្វើការងារផ្ទះបានជាមួយគ្នាក៏ធ្វើដោយចិត្តភក្ដី បរិភោគបាយជាមួយគ្នាមិនមុនមិនក្រោយ ជាពិសេសភរិយានិងស្វាមី ដាច់ខាតប្រពន្ធកុំបរិភោគបាយមុនប្ដីដោយអាងថាឃ្លានណាស់ (លើកលែងតែមានករណីចាំបាច់) ហើយកុំអាងថា មិនទាន់ឃ្លានចាំបរិភោគតាមក្រោយ បណ្ដោយកូន ឬ អ្នកបំរើឲ្យរៀបចំបាយទឹកជំនួសខ្លួន ដោយខ្លួនឯងមិនមានករណីចាំបាច់អ្វីសោះនោះ មិនប្រពៃឡើយ។
ពេលយប់ជួបជុំកូនប្រពន្ធ ត្រូវប្រយ័ត្នរឿងទូរទស្សន៍ក្នុងផ្ទះ កុំបណ្ដោយកូនឲ្យសោះ បើមើលត្រូវមើលទាំងអស់គ្នា ហើយគប្បីអធិបាយឲ្យកូនស្ដាប់ថានេះជារឿងបុណ្យ នោះជារឿងបាប ដើម្បីឲ្យកូនស្ដាប់ទៅបានយល់ដឹងកើតកើនគំនិតល្អ ពន្យល់ផ្លូវនៃជីវិតឲ្យកូនដើរទៅរកសេចក្ដីចម្រើនកើនប្រយោជន៍ ពន្យល់ផ្លូវនៃជីវិតឲ្យមានប្រយោជន៍ រួចហើយឲ្យកូនអាចសៀវភៅ និងធ្វើកិច្ចការរៀនសូត្រ ជាម៉ែជាឪត្រូវរួមគ្នាជួយអប់រំកូន ដើម្បីគ្រួសារមួយដ៏ភ្លឺស្វាង ដើម្បីប្រទេសជាតិយើងបានរុងរឿងតទៅ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
0 comments:
Post a Comment