Wednesday, September 9, 2015

រឿង​អរិយ​ព្រាន​មាន​សីល​ជា​ខ្លឹម (ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​សកម្មភាព)



           កាល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​នឹង​បាន​ត្រាស់​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោស បញ្ចវ​គ្គិយភិក្ខុ នៅ​ក្នុង​ព្រៃ​ឥសីបតន​មិគទាយ​វ័ន ត្រា​តែ​បាន​សម្រេច​ព្រះ​អរហត្ត​ផល​គ្រប់​អង្គ ។ លំដាប់​នោះ​ព្រះ​អង្គ​ទ្រង់​ប្រោស​យសកុលបុត្ត​ឲ្យ​បាន​សម្រេច​ព្រះ​អរហត្ត​ផល ព្រម​ទាំង​សម្លាញ់​ទាំង​៤​នាក់​ទៀត គឺ​ព្រះ​វិមលត្ថេរ ព្រះ​សុពាហុកត្ថេរ១ ព្រះ​បុណ្ណជិ១​ព្រះ​គវម្បតិ ១ ។


បន្ទាប់​ពី​សម្លាញ់ ៤​នាក់​មក មាន​សម្លាញ់ ៥០​នាក់​ទៀត​បាន​សម្រេច មគ្គផល​ដូច​គ្នា ក្នុង​ពេល​នោះ​ព្រះ​អង្គ​ទ្រង់​ប្រជុំ​ពួក​ព្រះ​អរហន្ត​បាន ៦១ អង្គ ព្រម​ទាំង​ព្រះ​អង្គ​ផង ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីការ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រួច​ហើយ​ចាក​អន្ទាក់​ទាំង​ពួង ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ​ឯ​ណា​មាន​ក្នុង​លោក​នេះ​ ចូរ​អ្នក​ត្រាច់​ទៅ​កាន់​ចារិក​ផ្សេង​ៗ​ពី​គ្នា កុំ​ទៅ​ផ្លូវ​មួយ​គ្នា​ពីរ​នាក់ ដើម្បី​ដោះ​ទុក្ខ​ទេវតា​និង​មនុស្ស​ទាំង​នោះ​ឲ្យ​បាន​ចាក​រួច​អន្ទាក់​ផង ។ ព្រះ​អរហន្ត​ទាំង​នោះ ក៏​ត្រាច់​ទៅ​ទីទៃ​ពី​គ្នា​ព្រះ​ពុទ្ធ​ដីកា​ព្រះ​អង្គ ។

ចំណែក​ព្រះ​សុពាហុក​ត្ថេរ បាន​និមន្ត​ទៅ​ជនបទ​មួយ​ដើម្បី​ប្រកាស​សាសនា ។ នៅ​ក្នុង​ជនបទ​នោះ មាន​ត្រកូល​ព្រាហ្មណ៍​មួយ ជា​មនុស្ស​មិច្ឆាទិដ្ឋិ​តែង​ប្រព្រឹត្ត​បរបាញ់​សត្វ​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ​ព្រាន​ជា​កូន​ប្រសា រៀប​ចំ​ប្រដាប់​ប្រដា​ចេញ​ទៅ​បរបាញ់​សត្វ បាន​ជួប​នឹង​ព្រះ​សុពាហុក​ត្ថេរ​គង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម​ ។ ព្រាន​នោះ​គិត​ថា អើ​! ថ្ងៃ​នេះ​ឆ្នែង​ណាស់ ព្រោះ​ជួប​នឹង​មនុស្ស​កាឡកណ្ណី ហើយ​ក៏​ដើរ​ហួស​ទៅ​​ថ្ងៃ​នោះ​រក​បាញ់​សត្វ​អ្វី​ពុំ​បាន​សោះ ក៏​ត្រឡប់​មក​វិញ ដើរ​មក​ក៏​ជួប​នឹង​ព្រះ​ថេរៈម្តង​ទៀត ចេះ​តែ​ទន្ទេញ​ថា​ជួប​នឹង​មនុស្ស​កាឡកណ្ណី​ៗ​ ដូច្នេះ​ទើប​ព្រះ​ថេរៈសួរ​ថា ម្នាល​ព្រាន! អ្នក​ឈ្មោះ​អ្វី ? ព្រាន​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​អរិយៈ ។ លោក​មាន​ថេរ​ដីកា​ថា ម្នាល​ព្រាន​ជន​អ្នក​បៀត​បៀន​សម្លាប់​សត្វ​ទាំង​ឡាយ​មិន​ឈ្មោះ ​អរិយៈ​ ទេ ឯ​ព្រះ​អរិយៈទាំង​ឡាយ​លោក​មិន​ដែល​បៀត​បៀន​សត្វ​ឡើយ បណ្ឌិត​ហៅ អរិយៈ ដោយ​ចំពោះ​តែ​បុគ្គល​ដែល​អស់​ការ​បៀត​បៀន​សត្វ ។

ហើយ​ព្រះ​ថេរក៏​សំដែង​គុណ​នៃ​ព្រះ​ថេរៗ​ក៏​បង្រៀន​ព្រាន​នោះ​ថា​ ពុទ្ធម សរណម គច្ឆាមិន ធម្មំ សរណម គច្ឆាមិ​ សង្ឃម សរណម គច្ឆមិ ។ ល ។ ហើយ​ក៏​ថ្វាយ​បង្គំព្រះ​ថេរៈ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ទន្ទេញ​មន្ត​នោះ​ទាល់​តែចាំ ។

ក្នុង​ថ្ងៃ​នោះ​ព្រាន​រក​បរបាញ់​សត្វ​ណា​មួយ​ក៏​ពុំ​បាន សូម្បី​ឲ្យ​គ្រាន់​តែ​ជួប​ក៏​មិន​ជួប​ផង លុះ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​ក៏​ម្នី​ម្នា​ស្ទុះ​មក​ទទួល​ដូច​សព្វ​ដង​ព្រោះ​ពី​ដើម​គាត់​ធ្លាប់​រែក​សាច់​ទៅ​ផ្ទះ​ស្ទើរ​តែ​មិន​រួច ប្លែក​អ្វី​ថ្ងៃ​នោះ​ក៏​ដើរ​ខ្លួន​ទទេ​មាន​តែ​ប្រដាប់​សម្រាប់​បរ​បាញ់ នឹង​កញ្ចប់​បាយ​ទឹក​បំពង់​ប៉ុណ្ណោះ​មាត់​ចេះ​តែ​ទន្ទេញ​មន្ត​នោះ​មិន​ឈប់​សោះ​។

លុះ​ប្រពន្ធ​ឃើញ​គ្មាន​បាន​អ្វី​សោះ ក៏​កើត​ចិត្ត​ក្តៅ​ក្រហាយ​ជេរ​ស្តី​បន្ទោស​រហូត​ឈ្លោះ​ប្រកែក​គ្នា ទើប​ឪពុក​ក្មេក​ម្តាយ​ក្មេក​មក​ឃាត់​ហើយ​សួរ​រឿង​ហេតុ​ដែល​ចេញ​ទៅ​បរ​បាញ់​ពុំ​បាន​អ្វី​សោះ ។ ព្រាន​ជា​កូន​ប្រសារ​ជម្រាប​ថា បាន​ទៅ​ជួប​នឹង​ព្រះ​ថេរ ១ អង្គ​គង់​នៅ​ក្រោម​ដើម​ឈើ​មួយ​លោក​សម្តែង​អំពី​គុណ​នៃ​ព្រះ​រតន​ត្រ័យ​និង​សីល​ឲ្យ​ខ្ញុំ​ស្តាប់​ក៏​មាន​ចិត្ត​ត្រេក​អរ​ហើយ​បាន​សុំលោក​រៀន​មន្ត​នោះ ឪពុក​ម្តាយ​បាន​ស្តាប់​ឮ​ដូច្នោះ ហើយ ក៏​រឹត​តែ​ជួយ​ខឹង ជេរស្តី​បន្ទោស​បណ្តេញ​ចេញ​ពី​ផ្ទះ​ថា​បើ​អ្នក​ឯង​នៅ​តែ​កាន់​របៀប​នេះ យើង​ឈប់​ឲ្យ​អ្នក​ឯង​នៅ​លើ​ផ្ទះ​នេះ​ត​ទៅ​ទៀត​ហើយ ។

ទើប​កូន​ប្រសារ​ថា បើ​ដូច្នោះ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច? ឪពុក​ម្តាយ​ប្រាប់​ថា​យក​មន្ត​សីល​ទៅ​ឲ្យ​លោក​វិញ​ទៅ​ ។ ព្រាន​នាំ​យក​មន្ត​សី​ល​ដើរ​សំដៅ​ទៅ​កាន់​សំណាក់​ព្រះ​ថេរៈ លុះ​ទៅ​ដល់​ហើយ​លោក​សំដែង​សរសើរ​អំពី​គុណ​នៃ​ព្រះ​រតន​ត្រ័យ​ឲ្យ​ស្តាប់​ម្តង​ទៀត ហើយ​បាន​និយាយ​ជូន​មន្ត​សី​ល​នោះ​ទៅ​លោក​វិញ ព្រះ​ថេរៈបា​ន​ប្រាប់​ថា​មិនមែន​មន្ត​សី​ល​របស់​អាត្មា​បាន​រៀន​មក​អំពី​ព្រះ​សម្ពុទ្ធ​ដែរ បើ​អ្នក​ចង់​ជូន​មន្ត​សី​ល​នោះ លុះ​តែ​ទៅ​ជូន​​ដល់​ព្រះ​ឯ​ណោះ​ទើប​បាន​ ។

ព្រាន​នោះ​គិត​ក្នុង​ចិត្ត​ថា វីវរ​ហើយ​អញ​មិន​ដឹង​ជា​ព្រះ​លោក​គង់​នៅ​ឯ​ណា? ហើយ​មិន​ដឹង​ជា​លោក​ទទួល ឬ មិន​ទទួល​ទេ! ទើប​ទូល​សួរ​ព្រះ​ថេរថា ព្រះ​គង់​នៅ​ឯ​ណា? លោក​ប្រាប់​ថា​គង់​នៅ​ឯ​វត្ត​ជេត​ពន ចូរ​អ្នក​ទៅ​ឯ​ណោះ​ចុះ ។

ថ្លែង​ពី​បុរស​ព្រាន​នោះ កាល​បើ​ព្រះ​ថេរ​មិន​ព្រម​ទទួល​ដូច្នោះ​ហើយ ក៏​ដើរ​សំដៅ​ទៅ​កាន់​វត្ត​ជេពន​នោះ លេច​វាល​ចូល​ព្រៃ​យ៉ាង​ដាច់​ស្រយាល បាន​ទៅ​ជួប​នឹង​នាង​ទេវប្រេត​៥០០ នាក់​នៅ​ជើង​ភ្នំ​មួយ​ស៊ី​សុទ្ធ​តែ​អាហារ​ទិព្វ តែ​អាក្រាត​កាយ​នៅ​ខ្លួន​ទេ​ទាំង​អស់​គ្នា គ្មាន​សំលៀក​បំពាក់​អ្វី​សោះ  ។

នាង​ទេវប្រេត​ទាំង​នោះ សួរ​អរិយៈ​ព្រាន​នោះ​ថា​អ្នក​អញ្ជើញ​ទៅ​ណា? អរិយៈ​ព្រាន​ប្រាប់​ថា ខ្ញុំ​នាំ​មន្ត​សី​ល​ទៅ​ជូន​ព្រះ!​ ហើយ​ក៏​នាំ​បុរស​នោះ​ទៅ​កន្លែង​របស់​ខ្លួន រៀប​ចំ​អាហារ​ភោជន៍​ដ៏​ជា​ទិព្វ​ឲ្យ​បរិភោគ​យ៉ាង​ឆ្អែត​ឆ្អន់​ស្កប់​ស្កល់​ស្រេច​ហើយ ផ្តាំ​ថា​បើ​អ្នក​បាន​ទៅ​ជួប​នឹង​ព្រះ​សូម​ទូល​សួរ​អំពី​បុព្វកម្ម​របស់​ខ្ញុំ តើ​ពី​ដើម​បាន​ធ្វើ​កម្ម​អ្វី បាន​ជា​កើត​មក​បរិភោគ​អាហារ​សុទ្ធ​តែ​ទិព្វ ប៉ុន្តែ​គ្មាន​សំលៀកបំពាក់​សោះ បើ​មាន​បន្តិច​បន្តួច​យក​មក​ដាក់​ប៉ះ​នឹង​ខ្លួន​មិន​បាន? ។

ព្រាន​នោះ​ទទួល​បណ្តាំ​នាង​ទេវប្រេត​ទាំង​នោះ​រួច​ហើយ​ ក៏​លា​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​បាន​ជួប​នឹង​ដំរីស​មួយ ស៊ី​សុទ្ធ​តែ​បន្លា មាន​បន្លា​ឬស្សី នឹង​បន្លា​ព្រេច​ជា​ដើម​មុត​មាត់​ចេញ​ឈាម​ហូរហាម រង​ទុក្ខ​វេទនា មាន​សេចក្តី​លំបាក​នឹង​ការ​ចិញ្ចឹម​ជីវិត​ក្រៃ​លែង មាន​ខ្លួន​ស្គាំង​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង បើ​ស៊ី​ស្មៅ​ឬ​ស្រូវ ដែល​ជា​វត្ថុ​មាន​ឳជារស​ក្រៅ​ពី​បន្លា​ចេញ​នាំ​ឲ្យ​ក្តៅ​ក្រហាយ អន្ទះ​អន្ទែង​ស្ទើរ​ដាច់​ខ្យល់ ។ ឯ​ដំរី​បាន​ឃើញ​ហើយ​សួរ​ថា​អ្នក​អញ្ជើញ​ទៅ​ណា? ព្រាន​នោះ​ប្រាប់​ថា ខ្ញុំ​នាំ​យក​មន្ត​សីល​ទៅ​ជូ​ន​ព្រះ​! ហើយផ្តាំ​ផ្ញើ​ឲ្យ​ទូល​សួរ​ព្រះ​ឲ្យ​​ខ្ញុំ​ផង​ ថា​តើ​ជាតិ​មុន​ខ្ញុំ​បាន​ធ្វើ​កម្ម​អ្វី? បាន​ជា​មក​កើត​ជាដំរី​ស៊ី​របស់​អ្វីៗ ដទៃ​ទៀត​មិន​បាន ស៊ី​បាន​តែ​បន្លា​១​មុខ​ប៉ុណ្ណោះ មាន​ការ​លំបាក​រង​ទុក្ខ​វេទនា​នឹង​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​ខ្លាំង សូម​ទូល​សួរ​​​ខ្ញុំ​កុំ​ខាន ។

ព្រាន​នោះ​ទទួល​បណ្តាំ​ដំរី​ហើយ លាចរយាត្រា​ដោយ​បាន​ដំរី​ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​មុខ​ទៀត បាន​ជួប​នឹង​ពស់​ថ្លាន់​មួយ​ដេក​វៀន​ព័ទ្ធ​ដំបូក​ទៅ​ណា​មក​ណា​មិន​រួច​ស្គាំ​ង​ស្គម​នៅ​ស្បែក​នឹង​ឆ្អឹង​រក​អាហារ​ស៊ី​មិន​សូវ​បាន។ បាន​ជួប​នឹង​ព្រាន​នោះ​សួរ​ថា អ្នក​អញ្ជើញ​ទៅ​ណា? ព្រាន​នោះ​បាន​ប្រាប់​ដូច​មុន រួច​ហើយ​ក៏​និយាយ​ផ្តាំ​ផ្ញើ​នឹង​មាណព​នោះ​ថា បើ​អ្នក​បាន​ទៅ​ជួប​នឹង​ព្រះ​ សូម​អ្នក​មេត្តា​ទូល​សួរ​អំពី​បុព្វ​កម្ម​របស់​ខ្ញុំ តើ​ពី​ជាតិ​មុន ខ្ញុំ​បាន​ធ្វើ​អំពើ​អ្វី? បាន​ជា​មក​កើត​ជា​ពស់​ថ្លាន់​ដេក​វៀន​នៅ​តែ​មួយ​កន្លែង​រក​ទៅ​ណា​មក​ណា​មិន​រួច?

លុះ​បាន​ទទួល​ពាក្យ​បណ្តាំ​របស់​ពស់​ថ្លាន់​សំគម​នោះ​ហើយ ព្រាន​នោះ​លី​លា​យាត្រា​សំដៅ​ទៅ​ទៀត​បាន​ជួប​នឹង​ពួក​អសុរ នៅ​ក្នុង​ជន​បទ​មួយ​តែង​តែ​កាប់​សម្លាប់​គ្នា​គ្មាន​លោះ​លា​ត្រា​ប្រណី ខ្លះ​បែក​ក្បាល​ ខ្លះ​ពក​ក្បាល​ចេញ​ឈាម ហូរ​រហាម​ពេញ​មុខ​មាត់ រង​ទុក្ខ​វេទនា​យ៉ាង​ក្រៃលែង​។ ក្នុង​១​ខែ​ឈប់​កាប់​គ្នា​បាន​តែ​ត្រឹម​ ៤ ថ្ងៃ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គិត​តែ​ពី​កាប់​សម្លាប់​គ្នា រួច​ពី​កាប់​ចាក់​ទៅ​ក៏​ស្រុះ​ស្រួល​បបួល​គ្នា​ដាំ​បាយ​បរិភោគ​ជា​មួយ​គ្នា ដូច​ជា​គ្មាន​ខឹង​ទាស់​ទែង​នឹង​គ្នា ឲ្យ​តែ​ដល់​ពេល​ក៏​ចាប់​ប្រតិបត្តិ​ការ​កាប់​ចាក់​គ្នា​ទៀត ។

ពួក​អសុរ​បាន​ឃើញ​ព្រាន​នោះ​ក៏​សួរ​ថា អ្នក​អញ្ជើញ​ទៅ​ណា? អរិយៈ​ព្រាន​ក៏​បាន​​ប្រាប់​ដូច​មុន ហើយ​នាំ​ទៅ​កន្លែង​របស់​ខ្លួន ចាត់​ចែង​អាហារ​ភោជន​ឲ្យ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ហើយ​និយាយ​ផ្តាំ​ផ្ញើ បើ​អ្នក​បាន​ជួប​នឹង​ព្រះ សូម​អ្នក​មេត្តា​ទូល​សួរ​បុព្វ​កម្ម​របស់​ខ្ញុំ​តើ​ពី​ជាតិ​មុន​បាន​ធ្វើ​អំពើ​យ៉ាង​ណា ? បាន​ជា​មក​កើត​អសុរ នេះ​ចេះ​តែ​កាប់​ចាក់​គ្នា​រាល់​តែ​ពេល​គ្មាន​ឈប់​ឈរ​សោះ ក្នុង​១​អាទិត្យ បាន​ឈប់​​កាប់​ចាក់​គ្នា​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ហេតុ​នេះ​សូម​អ្នក​ទូល​សួរ​​​ខ្ញុំ​កុំ​ខាន ។

អរិយ​ព្រាន​ទទួល​បណ្តាំ​ពួក​អសុរ​រួច​ហើយ ក៏​លា​ធ្វើ​ដំណើរ​ទៅ​ទៀត​បាន​ជួប​នឹង​ព្រះ​រាជា​១​អង្គ ព្រះ​នាម​ព្រះ​បាទ​សាល​រាជ មាន​បុត្រី​២​ព្រះ​អង្គ​សុទ្ធ​តែ​ជា​ក្រមុំ​សៅកែ ។ ក្នុង​១ឆ្នាំ​ៗ​ព្រះ​រាជា​ត្រូវ​តែ​នាំ​ ព្រះ​រាជ​វង្សា​នុវង្ស​រត់​ចេញ​ពីរាជ​ដំណាក់ ទៅ​គង់​នៅ​ស្រុក​ជាយ​ដែន ដែល​ឆ្ងាយ​ដាច់​ស្រយាល​អស់​រយះ​កាល​កន្លះ​ខែ ឬ ១​ខែ ដោយ​នៅ​ក្នុង​ព្រះ​រាជាដំណាក់​ពុំ​បាន​សោះ បើ​ខំ​ជំនះ​តែ​នៅ​នឹង​កើត​ហេតុ​ឧបទ្រព្យ​ចង្រៃ​ជា​ភ្លើង​ឆេះ​ក្តៅ​ក្រហាយ​វិនាស​អន្តរាយ​គ្មាន​សល់​អ្វី​ឡើយ លុះ​ត្រា​តែ​អស់​រយកាល​កន្លះ​ខែ  ទើប​យាង​ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​បាន។

ព្រះ​រាជា​បាន​ជួប​នឹង​អរិយៈ​​ព្រាន ក៏​សួរ​តាម​ដំណើរ​ដើម​ទង ទើប​អរិយៈ​ព្រាន​ក្រាប​ទូល​សេចក្តី​មុន​ទៀត ហើយ​ក៏​នាំ​ទៅ​កន្លែង​របស់​ខ្លួន​រៀប​ចំ​ចាត់​ចែង​អាហារ​ភោជន​ឲ្យ​បរិភោគ​ឆ្អែត​ស្រេច​ហើយ បាន​ផ្តាំ​ផ្ញើ​នឹង​អរិយៈព្រាន​នោះ​ឲ្យ​ទទួល​សួរ​បុព្វ​កម្ម​ចែក​ព្រះ​អង្គ​ផង ។ អរិយៈ​ព្រាន​ទទួល​យក​បណ្តាំ​ព្រះ​រាជា​រួច​ស្រេច​ហើយ ក៏​ក្រាប​លា​ធ្វើ​ដំណើរ​ទៅ​ទៀត​បាន​ទៅ​ជួប​នឹង​ព្រះ​សម្ពុទ្ធ​ ចូល​ទៅ​នម​ស្ករ​ថ្វាយ​បង្គំ​ព្រះ​អង្គ ។

ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា​ម្នាល​ព្រាន​អ្នក​មក​ពី​ណា? អរិយៈព្រាន​ក្រាប​ទូល​តាម​ដំណើរ​សេចក្តី​ទើប​ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ទេសនា​ទូន្មាន​ប្រៀន​ប្រដៅ អរិយៈព្រាន​បាន​ស្តាប់​ហើយ ក៏​រឹង​រិត​តែ​មាន​ចិត្ត​ជ្រះ​ថ្លា​ជាង​មុន​ទៅ​ទៀត ហើយ​គិត​ថា អញ​នឹង​មិន​លះ​បង់​ចោល​មន្ត​សីល​នោះ​ទេ អញ​នៅ​តែ​ទន្ទេញ​ឲ្យ​ទាល់​តែចាំ​មែន​ទែន​លុះ​គិត​ដូច្នោះ​ហើយ ទើប​ក្រាប​ទូល​ព្រះ​អង្គ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​ដែល​ខ្ញុំ​ព្រះ​អង្គ​ចេញ​ធ្វើ​ដំណើរ​ពី​ស្រុក​មក បាន​ជួប​នឹង​នាង​ទេវប្រេត​ចំនួន ៥០០​នាក់​នៅ​ជើង​ភ្នំ​មួយ ស៊ី​សុទ្ធ​តែ​អាហារទិព្វ​ហើយ​មាន​ខ្លួន​អាក្រាត​ទទេ​ទាំង​អស់​គ្នា យក​សំពត់​មក​ប៉ះ​ពាល់​នឹង​កាយ​ពុំ​បាន​សោះ បើ​ជំនះ​តែ​ខំ​យក​មក​ប៉ះ​នឹង​ខ្លួន ក៏​បណ្តាល​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយអន្ទះ​អន្ទែង​ស្ទើរ​តែ​ដាច់​ខ្យល់ ។

ពួក​នាង​ទេវ​ប្រេត​ទាំង​នោះ​បាន​ផ្តាំ​ផ្ញើ​នឹង​ខ្ញុំ​ព្រះ​អង្គ​ឲ្យ​ក្រាប​ទូល​សួរ​អំពី​បុព្វ​កម្ម​របស់​នាង តើ​ពី​ជាតិ​មុន​នាង​បាន​ធ្វើ​កម្ម​ដូច​ម្តេច​ខ្លះ? ហេតុ​នេះ​សូម​ព្រះ​អង្គ​ទ្រង់​សំដែង​បុព្វកម្ម​របស់​នាង​ទេវ​ប្រេត​ទាំង​នោះ​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​បាន​ដឹង​ផង ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​ព្រាន​នោះ​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​ថា​ម្នាល​ព្រាន នាង​ទេវប្រេត​នោះ កាល​ពី​ដើម​បាន​កើត​ជា​ស្រ្តី​នៅ​ក្នុង​ជន​បទ​មួយ​តែង​នាំ​គ្នា​លក់​ជ្រូក​ចិញ្ចឹម​ជីវិត ដល់​កាល​ណា​លក់​ជ្រូក​អស់​ទៅ​បាន​ប្រាក់​យក​ទៅ​ទិញ​គ្រឿង​អលង្ការ សម្រាប់​តុប​តែង​ខ្លួន​មាន​ខ្សែមាស នឹង​ទឹក​អប់​ម្សៅ​ជា​ដើម មួយ​ចំណែក​ទៀត​បាន​អង្គាស​ប្រមូល​ប្រាក់​គ្នា​យក​ទៅ ចាត់​ចែង​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត​ចំពោះ​ព្រះ​សង្ឃតែ​មិន​បាន​​ធ្វើ​ចីវរទាន​នឹង​សេនាសេនៈ​​ទាន​ទេ ។

ដោយ​បាប​កម្ម​ដែល​នាង​ចិញ្ចឹម​ជ្រូក​នោះ​ក៏​បណ្តាល​ឲ្យ​នាង​ធ្លាក់​ទៅ​កើត​ជា​ប្រេត​រង​ទុក្ខ​វេទនា​គ្មាន​សំពត់​ស្លៀក​ដណ្តប់​នឹង​កន្លែង​នៅ​ឲ្យ​បាន​ស្រួល​បួល​ ព្រោះ​មិន​បាន​ធ្វើ​វីវរ​ទាន​នឹង​សេនាសនទាន ។ ដោយ​អំពើ​ជា​កុសល​ដែល​នាង​បាន​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត​ចំពោះ​ព្រះ​សង្ឃ​អានិសង្ស​នៃ​ទាន​នោះ ក៏​បណ្តាល​ឲ្យ​នាង​បាន​អាហារ​ទិព្វ​បរិភោគ​តែ​រាល់​ពេល​វេលា​ដូច្នេះ​ឯង ។ ព្រាន​បាន​ស្តាប់​ចាំ​ហើយ ទើប​ទូល​ពី​រឿង​ដែល​ខ្លួន​បាន​ជួប​ដំរី​ស៊ី​បន្លាត​ទៅ​ទៀត ។

ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​ថា កាល​ពី​ព្រេង​នាយ​ដំរី​នោះ​បាន​កើត​ជា​អ្នក​កាត់​ក្តី​ប្រកប​ដោយ​អគតិ​ទាំង​៤ ធ្វើ​អំពើ​អាក្រក់​លា​មក​គ្រប់​បែប​យ៉ាង មាន​ស៊ី​សំណូក​ជា​ដើម​ ដល់​ពេល​កាត់​ក្តី​ម្តងៗ កាត់​មិន​ដែល​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​សោះ ប្រកប​ដោយ​អំពើ​អយុត្តិ​ធម៌​គ្រប់​ជំពូក ។ ដល់​គាត់​អស់​អាយុ​សង្ខារ​ទៅ បាន​ទៅ​កើត​ជា​សត្វ​ដំរី​ស៊ី​តែ​បន្លា​ដាច់​មាត់​ចេញ​ឈាម​ហូរ​រហាម​រង​ទុក្ខ​វេទនា​នៅ​ទី​នោះ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ឲ្យ​បណ្តា​ជន​ក្តៅ​ក្រហាយ ដោយ​សារ​តែ​គាត់​កាត់​ក្តី​មិន​សុចរិត​យុត្តិធម៌ ។

ព្រាន​ទូល​សួរ​រឿង​ពស់​ថ្លាន់​ទៀត​ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​ថា កាល​ពី​ដើម​ពស់​ថ្លាន់​នោះ​កើត​ជា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន តែ​កំណាញ់​ស្វិត​ស្វាញ​​ជូរ​ជាតិ​ណាស់ មិន​ដែល​ធ្វើ​បុណ្យ​ទាន​ដល់​ស្មូម​យាចក​អ្នក​កំសត់​ទុគត៌​ណា​​មួយ​ឡើយ សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ហ៊ាន​ស៊ី​វត្ថុ​ដែល​មាន​ឳជារស​ឆ្ងាញ់​ពិសារ​ផង ដល់​ពេល​ជិត​ស្លាប់​គាត់​យក​ទ្រព្យ​ទៅ​កប់​ទុក​គ្មាន​ឲ្យ​នរណា​ម្នាក់​ដឹង​សោះ ។

លុះ​ដល់​ស្លាប់​ទៅ​បាន​កើត​ជា​ពស់​ថ្លាន់​វៀន​នៅ​តែ​១​កន្លែង​រក​ទៅ​ណា​ពុំ​រួច ដោយ​ហេតុ​តែ​សេចក្តី​កំណាញ់​ដែល​គាត់​បាន​អប់​រំ​សន្សំ​មក​អស់​កាល​ដ៏​យូរ​បាន​ដិត​ជាប់​នៅ​ក្នុង​ចិត្ត​របស់​គាត់​ ម្ល៉ោះ​ហើយ​ក៏​ហ៊ាន​ទៅ​ណា​មក​ណា ព្រោះ​ខ្លាច​វិនាស​អន្តរាយ​ទ្រព្យ​សម្បត្តិ​នោះ ដូច្នោះ​ហើយ ក៏​ស៊ូទ្រាំ​រង​ទុក្ខ​វេទនា​នឹង​សេចក្តី​ស្រេក​ឃ្លាន​តាម​យ​ថា​ហេតុ ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ម្នាល​ព្រាន ពស់​ថ្លាន់​នោះ​ដែល​មិន​ហ៊ាន​វារ​ទៅ​រក​ស៊ី​ឯ​ណា ព្រោះ​នៅ​ខាង​ក្រោម​កន្លែង​ដែល​វៀន​នោះ សុទ្ធ​តែ​កំណប់​ទ្រព្យ ដែល​គាត់​បាន​កប់​ទុក​ពី​អតីត​ជាតិ ។ ព្រាន​បាន​ស្តាប់​ហើយ ក៏​ធ្វើ​មនសិការះ​កត់​សំគាល់​ទុក​ក្នុង​ចិត្ត រួច​ទូល​សួរ​ពី​រឿង​ពួក​អសុរ​ដែល​កាប់​សម្លាប់​គ្នា​គ្មាន​ត្រា​ប្រណី ក្នុង​១​អាទិត្យ​ត្រូវ​បាន​ឈប់​សម្រាក​លែង​កាប់​គ្នា​បាន​តែ​១​ថ្ងៃ​ព្រះ​អង្គ​ទ្រង់​តា្រស់​ថា ម្នាល​ព្រាន​ក្នុង​កាល​ខណ្ឌ​ខាំង​កំបាំង​បាត់​ស្លាត់​កន្លង​រំលង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ទ្រង់​ប្រកប​ដោយ​ទសពិរាជ​ធម៌ ព្រះ​អង្គ​ទ្រង់​ដាក់​អាជ្ញា​ថា ក្នុង​១​អាទិត្យ ត្រូច​ប្រជារាស្ត្រ​ទាំង​អស់​ឈប់​សម្រាក​ប្រកប​ការ​ងារ​ក្នុង​ថ្ងៃ​សីល ១ ថ្ងៃ ។ ត្រូវ​នាំ​គ្នា​រក្សា​សីល​ឲ្យ​បាន​ជា​និច្ច បើ​នរណា​មិន​ប្រតិបត្តិ​តាម​ត្រូវ​ទទួល​ទណ្ឌ​កម្ម​តាម​ព្រះ​រាជ​អាជ្ញា ។

ចំណែក​បណ្តា​រាស្ត្រ​មាន​កិច្ចករា​ប្រកប​ផ្សេងៗ​គ្នា ខ្លះ​ប្រកប​ខាង​កសិកម្ម ខ្លះ​ខាង​លក់​ស្រា ខ្លះ​លេង​ល្បែង​ស៊ី​សង​មាន​បញ្ជល់​មាន់​ជា​ដើម ក៏​នាំ​គ្នា​ឈប់​ប្រកប​កិច្ចការ​ទាំង​នោះ​ក្នុង​ថ្ងៃ​សី​ល​តាម​ព្រះ​រាជអាជ្ញា ខ្លះ​បាន​រក្សា​សីល ខ្លះ​ទៀត​ក៏​គ្រាន់​តែ​ឈប់​ស្ងៀម​ទទេ ដោយ​ខ្លាច​អំណាច​អាជ្ញា​ព្រះ​មហាក្សត្រ ។ ចំណែក​ពួក​ជន​មួយ​ក្រុម ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ខាង​បញ្ជល់​មាន់​គ្មាន​លស់​ថ្ងៃ​ណា​មួយ ដល់​ព្រះ​រាជា​ទ្រង់​ដាក់​អាជ្ញា​ដូច្នោះ ក៏​នាំ​គ្នា​ឈប់​លេង​ល្បែង​បញ្ជល់​មាន់​ក្នុង​ថ្ងៃ​សីល ផុត​តែ​ថ្ងៃ​នោះ​នាំ​គ្នា បញ្ជល់​មាន់​ទៀត ប្រព្រឹត្ត​តែ​អំពើ​បាប​អកុសល​យ៉ាង​នេះ​រហូត​ដល់​ចាស់​ជរា​តែ​រៀង​ៗ​ខ្លួន ។

លុះ​ផុត​អាយុ​សង្ខារ​បាន​ទៅ​កើត​ជា​ពួក​អសុរ​តែង​កាប់​សម្លាប់​គ្នា​គ្មាន​ត្រាប្រណី ដោយ​ផល​កម្ម​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​បញ្ជល់​មាន់​ពី​ជាតិ​មុន ក៏​ហុច​ផល​ផ្តល់​ឲ្យ​ចាក់​កាប់​សម្លាប់​គ្នា​យ៉ាង​នេះ ហើយ​ដែល​បាន​ឈប់​សម្រាក​លែង​កាប់​គ្នា​១ ថ្ងៃ ព្រោះ​ខ្លាច​អំណាច​អាជ្ញា​ព្រះ​រាជា​ដែល​បាន​កំរិត​យ៉ាង​តឹង​តែង ម្ល៉ោះ​ហើយ​ពួក​អសុរ​នោះ​ក៏​ត្រូវ​បាន​រួច​ខ្លួន​សុខ​សប្បាយ​ក្នុង​១​អាទិត្យ​បាន​តែ​១ ថ្ងៃ​ប៉ុណ្ណោះ​ដូច​អ្នក​ឃើញ​ស្រាប់​ហើយ ។ ព្រាន​បាន​ស្តាប់​និទាន​នោះ​ហើយ ទើប​ទូល​សួរ​ព្រះ​មាន​បុណ្យ​ពី​រើង​ព្រះ​រាជា​១​ព្រះ​អង្គ​តាម​លំដាប់​ហូរ​ហែ​មក​ទៀត ។

ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​សំដែង​បា្រប់​ថា ព្រះ​រាជា​អង្គ​នោះ​កាល​ពី​ដើម​កើត​ជា​កុដុម្ពី​មាន​បុត្រ​ពីរ​នាក់ ជា​អ្នក​ធ្វើ​ស្រែ​ចំការ​មាន​ទ្រព្យ​ច្រើន តែង​ជួល​ពួក​កម្មករ​ឲ្យ​កាប់​ឆ្កា​ព្រៃ​ធ្វើ​ស្រែ​ចំការ​ក្នុង ១​ឆ្នាំ​ម្តង លុះ​កាប់​រួច​ហើយ​គ្រាន់​តែ​ព្រៃ​នោះ​ស្ងួត​ស្រពាប់​ល្មមៗ ក៏​យក​ភ្លើង​ទៅ​ដុត​ឆេះ​ស្លាប់​សត្វ​ទាំង​តូច​ទាំង​ធំ តាំង​ពី​ស្រមោច កណ្តូប សង្អា​រជា​ដើម ដោយ​គ្មាន​សេចក្តី​មេត្តា​ករុណា​ចំពោះ​សត្វ​តូច​តាច ទាំង​មិន​បាន​ដេញ​សត្វ​ដែល​ឃើញ​ឲ្យ​រត់​ចេញ​ឡើយ ។ ម្ល៉ោះ​ហើយ​ក៏​ត្រូច​ឆេះ​ស្លាប់​ក្នុង ភ្លើង​នោះ​ទៅ។ ដោយ​ពៀរ​វេរា ដែល​ព្រះ​អង្គ​ដុត​ព្រៃ​ឆេះ​សត្វ​ស្លាប់​សត្វ​តូច​តាច​អស់​ជា​ច្រើន​នេះ​បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​រង​ទុក្ខ​វេទនា​គង់​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់ពុំ​បាន​ក្នុង​១​ឆ្នាំ​ត្រូវ​តែ​នាំ​គ្រួសារ​រត់​ចេញ​ទៅ​នៅ​ជនបទ​អស់​រយៈ​កាល​កន្លះ​ខែ​ឬ ១​ខែ ទើប​ត្រឡប់​ចូល​មក​វិញ​បាន ដោយ​បាបកម្ម​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នោះ​ឯង ។

ព្រាន​បាន​ស្តាប់​អតីត​ទាន ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នាំ​មក​សំដែង​ចប់​សព្វ​គ្រប់​ហើយ ក៏​លើក​ករ​ប្រណម្យ​ថ្វាយ​បង្គំ​លា​ព្រះ​មាន​បុណ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​នាំ​យក​ពត៌​មាន​នោះ​ទៅ​ប្រាប់​ដល់​ជន​ទាំង​៥​នាក់​ឲ្យ​បាន​ដឹង​ពី​បុព្វ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ពី​ក្នុង​អតីត​ជាតិ ។ លុះ​គាត់​ដើរ​ត្រឡប់​ទៅ​វិញ​បាន​ជួប​នឹង​ព្រះ​រាជា ហើយ​អធិប្បាយ​រឿង​នោះ​ទូល​ព្រះ​រាជា​ឲ្យ​បាន​ជ្រាប​តាម​ដំណើរ​សេចក្តី​ហូរ​ហែ ព្រះ​រាជា​បាន​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​មាន​ព្រះ​ទ័យ​នឹក​សង្វេគ​ខ្លោច​ផ្សា​ចំពោះ​បាបកម្ម​ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត ហើយ​លើក​បុត្រ​ទាំង​២ អង្គ​ប្រគល់​ឲ្យ​អរិយៈព្រាន​ធ្វើ​ជា​ប្រពន្ធ ។

លុះ​អំណើរត​មក​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ទាំង​អស់​ឲ្យ​អរិយៈ​ព្រាន​ជា​កូន​ប្រសារ​គ្រប់​គ្រង​ជំនួស​ព្រះ​អង្គ តាំង​ពី​ពេល​នោះ​មក​អរិយៈ​ព្រាន​បាន​ឡើង​ជា​ស្តេច​ព្រះ​នាម​សីលសាររាជ ។ ព្រះ​បាទ​សីល​សាររាជ​ទ្រង់​នាំ​ពួក​ពល​សកល​យោធា​យាង​ធ្វើ​ដំណើរ​ទៅ​ទៀត ដើម្បី​យក​ពត៌​មាន​ទៅ​ប្រាប់​ពួក​អសុរ លុះ​ទៅ​ដល់​ហើយ​បាន​អធិប្បាយ​ប្រាប់​ដូច​លើក​មុន។ ឯ​ពួក​អសុរ​ទាំង​អស់ បាន​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ជា​បរិវារ ។

ឯ​ផល​កម្ម​អកុសល​ដែល​ខ្លួន​​បាន​ធ្វើ​នោះ ក៏​បាន​ផុត​រលត់​លែង​កាប់​សម្លាប់គ្នា​ទៅ​ទៀត​ពី​ពេល​ត្រឹម​ពេល​ដែល​ខ្លួន​បាន​ដឹង​នោះ​មក ។ រួច​ទ្រង់​យាង​ទៅ​បា្រប់​ពស់​ថ្លាន់​នោះ​ទៀត​ថា ពី​ជាតិ​មុន​ពស់​ឯង​ធ្លាប់​កើត​ជា​សេដ្ឋី​ម្នាក់​មា​ន​ទ្រព្យ​ស្តុក​ស្តម្ភ ប៉ុន្តែ​ជា​មនុស្ស​កំណាញ់​ស្វិត​ស្វាញ មិន​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដល់​ស្មូម​យាចក​អ្នក​កំសត់​ទុគត៌​ឡើយ ម្ល៉ោះ​ហើយ​បាន​ជា​ឯង​មក​កើត​ជា​ពស់​ថ្លាន់​នេះ នៅ​ខាង​ក្រោម​ដំណេក​ឯង​ក្នុង​ដំបូក​នេះ​មាន​កំណប់​ទ្រព្យ​ជា​ច្រើន​ដែល​អ្នក​ឯង​បាន​កប់​ទុក​ពី​ជាតិ​មុន យើង​បាន​ដឹង​ពត៌​មាន​នេះ​សព្វ​គ្រប់​អស់​ហើយ ។

ចំណែក​ពស់​ថ្លាន់​លុះ​បាន​ដឹង​ដូច្នោះ​ហើយ ក៏​ប្រគល់​ទ្រព្យ​ទាំង​អស់​របស់​ខ្លួន​ថ្វាយ​ព្រះ​រាជ​ក្នុង​ពេល​នោះ ។ ឯ​ព្រះ​បាទ​សីល​សាររាជ​លុះ​បាន​កំណប់​ទ្រព្យ ដែល​ពស់​ប្រគល់​ឲ្យ​មក​នោះ​យក​ទៅ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ចំណែក​កុសល​ផ្តល់​ឲ្យ​ពស់​ថ្លាន់​នោះ ក៏​បាន​រួច​ផុត​ចាក​សេចក្តី​ទុក្ខ បាន​សោយ​សុខ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​តាំង​ពី​ពេល​នោះ​រៀង​ដរាប​មក ។

បន្ទាប់​មក​ទ្រង់​នាំ​ពួក​បរិវារ​ដើរ​ទៅ​កន្លែង​ដំរី​ទៀត​ លុះ​ទៅ​ដល់​ហើយ​ក៏​និយាយ​រឿង​រ៉ាវ​ប្រាប់​ដំរី​នោះ​ឲ្យ​បាន​ដឹង​សព្វ​គ្រប់ ។ ឯ​ដំរី​កាល​បើ​បាន​ដឹង​បាបកម្ម​ដែល​ខ្លួន​ធ្វើ​អំពើ​អយុត្តិធម៌​បន្ទុក​ ឥត​មាន​ការ​កោត​ក្រែង​ញញើត​អ្វី​សោះ ព្រោះ​ហេតុ​នេះ​បាន​ជា​បណ្តាល​ឲ្យ​ទៅ​កើត​ជា​ដំរី​ស៊ី​តែ​បន្លា​មុត​មាត់​ចេញ​ឈាម​តែ​រាល់​ថ្ងៃ​នោះ​ហើយ ក៏​សុខ​ចិត្ត​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ជា​សេនា​ព្រះ​បាទ​សីល​សាររាជ​តាំង​ពី​ពេល​នោះ ហើយ​បាន​រួច​ចាក​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង បាន​សោយ​សុខ​ក្សេម​ក្សាន្ត​ជា​ភិយ្យោ​ភាព​ដោយ​សារ​ចំណែក​កុសល ដែល​ព្រះ​បាទ​សីល​សាររាជ បាន​ឧទ្ទិស​ផ្សាយ​ទៅ​ឲ្យ ។

លំដាប់​ពី​នោះ​មក​ព្រះ​អង្គ​ទ្រង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដើម្បី​យក​ដំណឹង​នេះ​ទៅ​ប្រាប់​ដល់​ពួក​នាង​ទេវ​ប្រេត​ទាំង​៥០០ ដែល​បាន​ផ្តាំ​ផ្ញើពី​ពេល​មុន លុះ​ដល់​ពួក​នាង​ទេវ​ប្រេត​ទាំង ៥០០ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​នាំ​គ្នា​ចាត់​ចែង​អាហារ​ភោជន​ថ្វាយ​ព្រះ​អង្គ​សោយ លុះ​សោយ​រួច​ស្រេច​ទើប​ទ្រង់​ថ្លែង​បុព្វ​កម្ម​របស់​នាង​ទេវប្រេត​ទាំង​នោះ​ឲ្យ​បាន​ដឹង​ថា កាល​ពី​មុន​នាង​កើត​ជា​មនុស្ស​រក​ស៊ី​ចិញ្ចឹម​ជ្រូក​លក់ លុះ​បាន​ប្រាក់​មក​យក​ទៅ​ទិញ​សំលៀក​បំពាក់ នឹង​គ្រឿង​អលង្ការ​សម្រាប់​តាក់​តែង​ខ្លួន​មាន​ម្សៅ​ប្រេង​ជា​ដើម​លុះ​សម័យ​ថ្ងៃ​មួយ​បាន​នាំ​គ្នា​ចាត់​តែង​ធ្វើ​ចង្ហាន់​ដាក់​បាត​ព្រះ​សង្ឃ ដោយ​សារ​អំណាច​អានិសង្ឃ​នៃ​បិណ្ឌ​បាត​​ទាន​នោះ ក៏​នាំ​ឲ្យ​នាង​ទាំង​អស់​គ្នា​បាន​មក​កើត​ជា​ទេវប្រេត សោយ​អាហារ​សុទ្ធ​តែ​ទិព្វ​ចីវរ​ទាន​ពួក​នាង​មិន​បាន​ឲ្យ​ទេ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​នាង​រង​ទុក្ខ​វេទនា​រក​សំលៀក​បំពាក់​គ្មាន ។

ចំណែក​ពួក​នាង​ទេវប្រេត​ទាំង​៥០០លុះ​បាន​ស្តាប់​អតីត​និទាន​របស់​ខ្លួន​ដូច្នោះ​ហើយ ក៏​នឹក​តក់​ស្លុត​តូច​ចិត្ត​អាណិត​ខ្លួន​គ្រប់​ៗ​គ្នា រួច​បាន​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ធ្វើ​ជា​បរិវា​ទាំង​អស់​គ្នា​បាន​សុខ​សប្បាយ​រួច​ចាក​ទុក្ខ​ទាំង​ពួង ដោយ​សារ​កុសល​ផល​បុណ្យដែល​ព្រះ​បាទ​សីល​សាររាជ បាន​ឧទ្ទិស​ផ្សាយ​ទៅ​ឲ្យ​តាំង​ពី​ត្រឹម​ពេល​នោះ​រៀង​ដរាប​មក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក          
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

0 comments:

Post a Comment