បាយចិញ្ចឹមចិត្ត
អង្ករភក្ដី ដាក់ឆ្នាំងខន្តី ថែមទឹកមេត្តា
ដុតអុសសច្ចៈ ដាក់ភ្លើងករុណា បាយព្រះធម្មា
រសជាតិអមតៈ។
បាយចិញ្ចឹមចិត្ត ផ្សះទុក្ខភ័យភិត ពិសិដ្ឋត្រជាក់
ផ្ដល់ក្តីសុខស្ងប់ ជួបអរិយមគ្គ ឆ្ពោះលោកុត្តរៈ
ឆ្លងវដ្ដសង្សារ ។
បាយចិញ្ចឹមចិត្ត រសជាតិប្រណីត ដិតជាប់ចិន្តា
នាំសុខដល់ខ្លួន និងញាតិកា សុខដល់គ្រួសារ
សុខដល់សង្គម ។
បាយចិញ្ចឹមចិត្ត ទ្វារបាបឃាំងបិទ ទ្វារបុណ្យបើកធំ
ទោសៈលោភៈ ធ្លាក់បាក់រលំ កិលេសតូចធំ
ដាច់ឫសដាច់គល់ ។
បាយចិញ្ចឹមចិត្ត ដូចទឹកអម្រឹត ផ្ដល់នូវមង្គល
កាយចិត្តក្សេមក្សាន្ត សុខសាន្តនិមល កើនបុណ្យកើបផល
ផ្ដល់ដល់និព្វាន ។
ដោយ៖ ឧបាសក ហ៊ិម ឆាន់
0 comments:
Post a Comment